ចិន ថា ជប៉ុន កំពុងក្លាយជាការគំរាមកំហែងពិតប្រាកដដល់សន្តិសុខក្នុងតំបន់
ប៉េកាំង ៖ ជប៉ុនកំពុងក្លាយជាការគំរាមកំហែងពិតប្រាកដដល់សន្តិសុខក្នុងតំបន់ ដោយសារតែទីក្រុងតូក្យូកំពុងពង្រីកសមត្ថភាពយោធា បង្កើនការដាក់ពង្រាយកម្លាំង និងពន្លឿនដំណើរការធ្វើឱ្យប្រទេសខ្លួនមានលក្ខណៈយោធានិយមឡើងវិញ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang កាលពីព្រហស្បតិ៍ ។
បើតាមស៊ីនហួរ, អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ និយាយថា ជប៉ុនបានព្យាយាមទាក់ទាញ និងសហការជាមួយប្រទេសនៅក្រៅតំបន់ ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា ក្រោមហេតុផលផ្សេងៗ ។
ជាមួយគ្នានេះ ជប៉ុនក៏បានអភិវឌ្ឍ និងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ ព្រមទាំងបន្តពង្រឹងការដាក់ពង្រាយកម្លាំងយោធានៅតាមបណ្តាកោះនានាក្នុងតំបន់ភាគនិរតីរបស់ខ្លួនផងដែរ ។
លោក Zhang បានសង្កត់ធ្ងន់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែជាតំបន់ដែលផ្តោតលើសន្តិភាព និងការអភិវឌ្ឍ ដោយលោកបានព្រមានថា ប្រទេសដែលប្រកាន់ខ្ជាប់នូវនិន្នាការសន្តិភាព នឹងទទួលបានការគាំទ្រ ខណៈប្រទេសដែលបង្កើនការប្រឈមមុខដាក់គ្នារវាងប្លុក នឹងមិនទទួលបានការគាំទ្រឡើយ ។
ការអត្ថាធិប្បាយរបស់មន្ត្រីចិនរូបនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងជប៉ុននាពេលថ្មីៗនេះ ដែលផ្តោតលើប្រតិបត្តិការវាយលុក និងដណ្តើមកាន់កាប់ដីកោះ ។
ការបញ្ចេញសាច់ដុំយោធានេះទៀតសោត ក៏មានការដាក់ពង្រាយកងកម្លាំងយោធាអាមេរិកនៅលើកោះមួយរបស់ជប៉ុន ដែលស្ថិតនៅក្បែរកោះតៃវ៉ាន់ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ លោក Zhang អះអាងថា បញ្ហាកោះនេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ហើយទីក្រុងប៉េកាំងនឹងមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមួយ អាចចូលជ្រៀតជ្រែកក្នុងកិច្ចការកោះតៃវ៉ាន់របស់ចិនបានឡើយ ។
ទន្ទឹមគ្នា លោក Zhang ក៏បានព្រមានដែរថា ប្រទេសណាដែលព្យាយាមប្រើប្រាស់បញ្ហាកោះតៃវ៉ាន់ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន ឬបង្កហេតុផ្នែកយោធា នឹងត្រូវប្រឈមមុខនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ និងមិនអាចទ្រាំទ្របាន ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

