សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយគ្រោះទឹកជំនន់

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងជំនាញចំនួន ៤ ឱ្យយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់។
 
ក្នុងពិធីសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងអាហារជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានជ្រាបយ៉ាងច្បាស់អំពីផលប៉ះពាល់ និងការខូចខាតនានា ដែលបង្កឡើងដោយគ្រោះទឹកជំនន់។
 
ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ជាពិសេសជួយដល់ប្រជាកសិករដែលរងការខូចខាតដំណាំទាំងស្រុង សម្តេចធិបតីបានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យត្រៀមរៀបចំការចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យប្រជាកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។
 
ទន្ទឹមនឹងការស្តារការដាំដុះឡើងវិញ ដែលត្រូវការប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ សម្តេចធិបតីក៏បានណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យរៀបចំប្រព័ន្ធស្តុកទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានសមស្រប ព្រមទាំងត្រៀមលក្ខណៈបម្រុងទុកនូវប្រភពទឹក ដើម្បីជៀសវាងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំង។
  
ជាមួយគ្នានេះ សម្តេចបានណែនាំដល់ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវកំណាត់ផ្លូវទាំងឡាយដែលរងការខូចខាត។ សម្តេចណែនាំឲ្យយកបទពិសោធន៍ពីគ្រោះទឹកជំនន់លើកនេះ ទៅសិក្សាក្នុងការសាងសង់ផ្លូវជនបទឱ្យមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការសាងសង់សំណង់ស្តុកទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។
 
គួរបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តដែលមានផ្ទៃដីកសិកម្មរងផលប៉ះពាល់ដោយទឹកជំនន់ច្រើនជាងគេ ដោយគ្រោះទឹកជំនន់បានប៉ះពាល់ដល់ក្រុង-ស្រុកចំនួន ១៤ និងឃុំ-សង្កាត់ចំនួន ៨៨ បណ្តាលឱ្យខូចខាត និងរងផលប៉ះពាល់ដំណាំស្រូវសរុបជាង ១២ម៉ឺនហិកតា និងប៉ះពាល់ដល់គ្រួសារសរុបចំនួន ៥ម៉ឺន ៨ពាន់គ្រួសារ៕ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner