រយៈពេល៩ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បង្ក្រាបបទល្មើសឆ្លងដែនជិត ៣ពាន់ករណី

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជួយសម្រួល​បែបបទជូនពលរដ្ឋចេញទៅធ្វើការស្របច្បាប់ជាង ៥ពាន់នាក់ និងរឹតបន្តឹងបង្ក្រាប​បទល្មើស​ឆ្លងដែន​ជិត៣ពាន់លើក ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦។

ក្នុងរយៈពេល៩ខែ អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​នៃក្រសួងមហាផ្ទៃ បានសម្រួលបែបបទជូន​ប្រជាពលរដ្ឋ​ខ្មែរជាង ៥ ៤០០នាក់ ចេញទៅធ្វើការ​នៅក្រៅប្រទេសដោយស្របច្បាប់ ព្រមទាំងបាន​បង្កើនការរឹតបន្តឹងសន្តិសុខនៅតាមច្រកទ្វារព្រំដែន ដោយបង្ក្រាបបទល្មើស​ចេញ-ចូលប្រទេសបានជិត ៣ ពាន់លើក ទប់ស្កាត់ការជួញដូរមនុស្ស និងបញ្ជូនជន​សង្ស័យទៅតុលាការជាបន្តបន្ទាប់។

ជាមួយគ្នានោះសមត្ថកិច្ចក៏បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញសរុប ៥.៥៦៨នាក់ ក្នុងនោះមកពីប្រទេស​ថៃ​ច្រើនជាងគេរហូតដល់ ៤.៤៧៧នាក់ ។ក្រៅពីនេះមានម៉ាឡេស៊ី ចិន កូរ៉េខាង​ត្បូង សហរដ្ឋអាម៉េរិក វៀតណាម សិង្ហបុរី ជប៉ុន ហ្វីលីពីន ឡាវ និងកាណាដា។ទន្ទឹមនេះមន្ត្រីអន្តោប្រវេសន៍បានទប់ស្កាត់ពលរដ្ឋ ២១៨នាក់ មិនឱ្យចាកចេញពីប្រទេសដោយសង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើជួញដូរមនុស្ស។

ស្របពេលជាមួយគ្នានេះ ក្នុងការងារត្រួតពិនិត្យបទ​ល្មើស​ចេញ-ចូលប្រទេស សមត្ថកិច្ចបានរកឃើញ​បទល្មើសសរុបជិត ៣ពាន់លើក មានមនុស្ស ៥.២៦២នាក់ ស្មើនឹង ៩៣សញ្ជាតិ។ ចំពោះបទល្មើសចូលប្រទេស មាន ២.២៨៧លើក ស្មើនឹងចំនួនមនុស្ស ៤.២៧១នាក់ ដោយសមត្ថកិច្ចបាន​ឃាត់ខ្លួនបញ្ជូនទៅតុលាការ ១០៣នាក់ និងបដិសេធ​មិនឱ្យចូលដោយបញ្ជូនត្រឡប់ទៅវិញ ៤.១៦៨នាក់ ដោយសារ​មានឈ្មោះក្នុងបញ្ជីមុខសញ្ញា ប្រើប្រាស់​លិខិតឆ្លងដែន ឬស្ទីកគ័រក្លែងក្លាយ និងគ្មានគោលបំណង​ច្បាស់លាស់។

ដោយឡែកបទល្មើសពាក់ព័ន្ធនឹងការឆ្លងដែនខុសច្បាប់ចេញពីប្រទេស មាន ៦៣៤លើក ដែលមានមនុស្ស ៩៩១នាក់ ដោយមន្ត្រី​អន្តោ​ប្រវេសន៍បានឃាត់ខ្លួន​បញ្ជូនទៅតុលាការ ២៧០នាក់ និងបានជួយសង្គ្រោះ​ជនរងគ្រោះ ៧២១នាក់ ឱ្យត្រឡប់ទៅលំនៅឋានវិញ។

បច្ចុប្បន្នអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ រួមមានប្រព័ន្ធ Cambodia e-Arrival និង Cambodia v-Pass នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ព្រមទាំងប្រព័ន្ធ CBMS និង TMS នៅតាមប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ ដើម្បីចាប់យកទិន្នន័យលិខិតឆ្លងដែន រូបថត ស្កែនក្រយៅដៃ និងទិដ្ឋាការ សម្រាប់បម្រើការងារស្រាវជ្រាវ និងទប់ស្កាត់​បទល្មើស​ឱ្យ​កាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ទួល សុផល

ads banner