ឯកឧត្តម ហង្ស ពុទ្ធា៖ តួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦ បានកើនជាង១០លាននាក់

ឯកឧត្តម ហង្ស ពុទ្ធា ប្រធានអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២៦នេះថា ចំនួនតួលេខបណ្ដោះអាសន្ននៃបញ្ជីឈ្មោះបោះឆ្នាំ២០២៦បានកើនជាង ១០លាននាក់ បន្ទាប់ពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ដំណើរការបាន ២៤ថ្ងៃ ។

ប្រធានអ្នកនាំពាក្យ គ.ជ.ប បានគូសបញ្ជាក់ថា កំណើនតួលេខឡើងខាងលើនេះ គឺដោយសារតែមានការចូលរួមផ្សព្វផ្សាយពីគ្រប់ភាគីពាក់ព័ន្ធ ដែលគិតត្រឹមថ្ងៃទី ៣០​តុលានេះ មានអ្នកមកចុះឈ្មោះបោះឆ្នោតថ្មីសរុបជិត ៣០ម៉ឺននាក់។ ជាមួយគ្នានេះក៏មានអ្នកមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ថតរូប និងផ្ដិតមេដៃឡើងវិញ មានចំនួនជាង ៧៥ម៉ឺននាក់។

ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងផងដែរថា ក្រៅពីពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មី គ.ជ.ប​ គ្រោងនឹងលុបឈ្មោះអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦​ចំនួន ១៨ម៉ឺននាក់ផងដែរ។

បើតាម គ.ជ.ប ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៦របស់បងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការត្រៀមខ្លួនប្រើសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ ការចូលរួមនេះក៏ជាការរួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យកាន់តែចាក់គ្រឹះរឹងមាំនៅថ្នាក់មូលដ្ឋាន។

សូមបញ្ជាក់ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦នឹងបិទបញ្ចប់ត្រឹមថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ៕

សេង បារាំង AMS

ads banner