ប្រយ័ត្នចាញ់បោកឧក្រិដ្ឋជន! កម្ពុជាពុំមានកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការនៅប្រទេសរុស្ស៊ី និងអាមេនីទេ
ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានព្រមានពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមបណ្តាញសង្គម ដើម្បីទៅធ្វើការក្នុងវិស័យសន្តិសុខនៅប្រទេសរុស្ស៊ី ដោយសន្យាផ្តល់ប្រាក់បៀវត្សរ៍ខ្ពស់។
ស្ថានទូតបានបញ្ជាក់ថា ការផ្សព្វផ្សាយទាំងនេះជាព័ត៌មានដែលមិនអាចទុកចិត្តបាន និងមិនមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធឡើយ។ ស្ថានទូតចាត់ទុកថា នេះជាល្បិចបោកប្រាស់មួយទៀត ដែលប្រើប្រាស់និមិត្តសញ្ញារបស់សហព័ន្ធរុស្ស៊ី ដើម្បីបម្រើគោលបំណងឧក្រិដ្ឋកម្ម។
ក្នុងន័យនេះ ស្ថានទូតបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងកុំប្រញាប់ឆ្លើយតបចំពោះការផ្តល់ជូនការងារដែលមានលក្ខណៈគួរឱ្យសង្ស័យ ឬសន្យាផ្តល់ប្រាក់ខែខ្ពស់។ ជាពិសេស ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់អំពីអត្តសញ្ញាណនិយោជក ឬភ្នាក់ងារជ្រើសរើសបុគ្គលិក លក្ខខណ្ឌការងារ និងនីតិវិធីរៀបចំឯកសារផ្សេងៗ។
ជាមួយគ្នានេះ ស្ថានទូតបានណែនាំឱ្យពលរដ្ឋកុំផ្ទេរប្រាក់ កុំផ្តល់ព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន ឬចែករំលែកច្បាប់ចម្លងឯកសារផ្ទាល់ខ្លួនទៅឱ្យបុគ្គលដែលមិនស្គាល់អត្តសញ្ញាណឡើយ រហូតទាល់តែបានផ្ទៀងផ្ទាត់ច្បាស់ថា ការផ្តល់ជូនការងារនោះមានភាពស្របច្បាប់ និងពិតប្រាកដ។
ស្ថានទូតក៏បានបញ្ជាក់បន្ថែមថា ការប្រើប្រាស់និមិត្តសញ្ញា ឬរូបភាពពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី មិនមែនមានន័យថា ការផ្តល់ជូនការងារនោះមានលក្ខណៈផ្លូវការ ឬមានទំនាក់ទំនងជាមួយអាជ្ញាធររុស្ស៊ីឡើយ ហើយបើពលរដ្ឋមានការសង្ស័យចំពោះការផ្សព្វផ្សាយការងារនៅប្រទេសរុស្ស៊ី គួរស្វែងរកព័ត៌មានបញ្ជាក់ពីប្រភពដែលមានសមត្ថកិច្ច រួមទាំងស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាផងដែរ។
ករណីនេះក៏ស្រដៀងគ្នាទៅនឹងការព្រមានកាលពីថ្ងៃទី២៣ ខែតុលា របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ឬការដើរអូសទាញពីសំណាក់បុគ្គល ឬក្រុមហ៊ុនណាមួយ អំពីការជ្រើសរើសបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសអាមេនី និងប្រទេសរុស្ស៊ីនៅឡើយទេ។
ក្រសួងការងារអំពាវនាវពលរដ្ឋពិនិត្យមើលឱ្យច្បាស់លាស់ ជាពិសេសគួរប្រឹក្សាជាមួយក្រសួងការងារ ហើយប្រសិនជាឃើញមានការសង្ស័យពាក់ព័ន្ធនឹងការផ្សព្វផ្សាយជ្រើសរើសពលរដ្ឋទៅក្រៅប្រទេស សូមរាយការណ៍មកអាជ្ញាធរ ឬទាក់ទងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧។
ក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសម្រួលបែបបទជូនពលរដ្ឋខ្មែរជាង ៥ពាន់នាក់ ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស ខណៈបទល្មើសឆ្លងដែនត្រូវបង្ក្រាបបានជិត ៣ពាន់ករណី។
ក្នុងរយៈពេលដូចគ្នានេះដែរ អគ្គនាយកដ្ឋានក៏បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញសរុប ៥ ៥៦៨នាក់ ក្នុងនោះភាគច្រើនមកពីប្រទេសថៃ បន្ទាប់មកម៉ាឡេស៊ី ចិន និងកូរ៉េ៕
សៅ សុខអេង

