អង្គការជីវិតធម្មជាតិរកឃើញសំបុកសត្វស្លាបជាង ១ ០០០ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) និងក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ បានកត់ត្រាសំបុកសត្វស្លាប ៦ប្រភេទសរុបចំនួន ១ ១៧៩សំបុក រួមមាន ខ្វែកចំនួន ៦៥៣សំបុក ក្រសាធ្នង់ចំនួន ១៩២សំបុក ក្រសាប្រផេះចំនួន ២៣៧សំបុក ក្អែកទឹកតូចចំនួន ៨២សំបុក និងកុកគ្រោងតូចចំនួន ១៥សំបុក។ ចំណែកសត្វស្មោញ ក៏ត្រូវបានសង្កេតឃើញថា កំពុងចាប់ផ្តើមធ្វើសំបុកផងដែរ។
ការរកឃើញនេះធ្វើឡើងក្នុងពេលដែលអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រុមការងារគ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានចុះល្បាតការអនុវត្តច្បាប់ ការផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ និងការតាមដានជីវៈចម្រុះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅចំនួន ៥៧លើក ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦។
លោក ប៊ូ វរៈស័ក្តិ នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្នុងចំណោមសំបុកសត្វដែលរកឃើញខាងលើនេះ ក៏មានប្រភេទសត្វស្លាបកម្រជិតផុតពូជដែលបានកត់ត្រាទុកផងដែរ។
ខ្វូតសំឡេង៖ នៅក្នុងការកត់ត្រាស្រាវជ្រាវរបស់យើងនេះតំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺមានសត្វជិតផុតពូជ ដូចជាសត្វ ចាបព្រៃវែង មួយទៀតគឺសត្វក្រៀលដែលជាប្រភេទសត្វកំពុងរងគ្រោះឈានទៅការផុតពូជ មានសត្វសំខាន់ៗផ្សេងទៀតដូចជា ស្មោញ ដូចជាននៀលពណ៌ ដូចជាត្រដក់ធំជាដើម។
លោកបញ្ជាក់ថា ប្រភេទសត្វទាំងនេះ ខ្លះរកឃើញមានការកើនឡើង និងខ្លះមានការថយចុះ។ នៅតំបន់ការ ពារទេសភាពបឹងព្រែកល្ពៅ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានកត់ត្រាសត្វស្លាបសរុបចំនួន ៨០ប្រភេទ ក្នុងនោះមានសត្វកម្រដូចជា ទុងប្រផេះ និង រនាលសជាដើម។ លទ្ធផលនៃការរកឃើញនេះបង្ហាញពីសារៈសំខាន់របស់តំបន់ដីសើមបឹងព្រែកល្ពៅ ក្នុងការផ្ដល់ជម្រក និងទីតាំងបង្កាត់ពូជសម្រាប់សត្វស្លាប។
ទោះបីយ៉ាងណា អង្គការជីវិតធម្មជាតិនៅកម្ពុជាបានព្រមានថា មានសំបុកជាង ២០០សំបុកកំពុងប្រឈមនឹងហានិភ័យដោយសារទឹកជំនន់ ខណៈចំនួននៃការរកឃើញសំបុកសត្វស្លាបក្នុងឆ្នាំនេះមានការថយចុះ បើប្រៀបធៀបនឹងឆ្នាំមុន។ ការថយចុះនេះ គឺដោយសារចំនួនដើមឈើដែលសត្វស្លាបប្រើសម្រាប់ធ្វើសំបុកមានការថយចុះ ហើយដើមឈើមួយចំនួនមានស្ថានភាពមិនល្អ ដែលធ្វើឱ្យជម្រកពងកូនតែងងាយរងគ្រោះ ជាពិសេសដោយសារទឹកជំនន់៕
សេង បារាំង


