អាមេរិក ហាម អឺរ៉ុប ឈប់និយាយប៉ះពាល់ រុស្ស៊ី ក្រោយលោក ពូទីន គំរាមផ្ទុះសង្គ្រាមពេញមួយទ្វីប
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណកាលពីថ្ងៃព្រហស្បតិ៍បានព្រមានទៅដល់បណ្តាប្រទេសអឺរ៉ុប ឲ្យកាត់បន្ថយការនិយាយពាក្យសម្តីណាដែលប៉ះពាល់ដល់ប្រទេសរុស្ស៊ី ក្រោយពេលដែល លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមានបំផ្ទុះសង្គ្រាម ជាមួយទ្វីបមួយនេះទាំងមូល ប្រសិនបើអឺរ៉ុប មិនព្យាយាមស្តារទំនាក់ទំនងជាមួយរុស្ស៊ីទេនោះ ។
បើតាម Reuters, លោក ពូទីន ព្រមានថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម ដែលអាចកើតមានជាមួយអឺរ៉ុប បើទោះបីជារុស្ស៊ីមិនចង់ឱ្យមានសង្គ្រាមបែបនេះក៏ដោយ ។
លោកថា រុស្ស៊ីចង់ពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុបជាជាងការធ្វើសង្គ្រាម ព្រោះ ជម្លោះនឹងមិននាំឱ្យមានអ្នកឈ្នះនោះឡើយ ។
បើតាមលោក ពូទីន, សង្គ្រាមនឹងធ្វើឲ្យមានការប៉ះពាល់ជាច្រើន រួមទាំងទំនាក់ទំនងផងដែរ ហើយបញ្ហានេះអាចនាំឱ្យកើតមានស្ថានការណ៍ស្រដៀងគ្នាទៅនឹងអ្វីដែលកំពុងកើតឡើង នៅច្រកសមុទ្រហ័រមូស ក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
ឆ្លើយតបនឹងរឿងនេះ មន្ត្រីក្រសួងការពារជាតិអាមេរិក បានស្នើទៅកាន់ប្រទេសជាសមាជិកអង្គការណាតូមួយចំនួន ឱ្យកាត់បន្ថយភាពតានតឹងនូវវោហាសាស្ត្ររបស់ពួកគេ ដែលនិយាយទាក់ទងនឹងការគំរាមកំហែង ពីសំណាក់រុស្ស៊ី ដោយសារតែសេចក្តីថ្លែងការណ៍មួយចំនួនរបស់មេដឹកនាំ និងមន្ត្រីអឺរ៉ុបទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ នៅក្នុងទ្វីបអឺរ៉ុប ។
ប្រភពដដែលបញ្ជាក់ថា ប្រទេសអឺរ៉ុប ដែលទទួលបានសារស្នើឱ្យមានការប្រុងប្រយ័ត្នចំពោះការថ្លែងជាសាធារណៈប៉ះពាល់រុស្ស៊ី រួមមាន លីទុយអានី, ឡាតវី និង អេស្តូនី ។
បំរាមរបស់សហរដ្ឋអាមេរិកបានកើតឡើង ស្របពេលដែលរដ្ឋបាលរបស់លោក ត្រាំ ចាប់ផ្តើមឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចរចាបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនៅអ៊ុយក្រែន ដែលបច្ចុប្បន្ន បានអូសបន្លាយចូលដល់ឆ្នាំទី ៥ ហើយ ។
គំនិតផ្តួចផ្តើមថ្មីៗនេះក៏បានរួមបញ្ចូលទាំង ការបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ីផងដែរ ប៉ុន្តែជាការដាក់សម្ពាធលើអ៊ុយក្រែន ឱ្យឈប់វាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុងមូស្គូទៅវិញ ៕
ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត