ចិន បាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស
ប៉េកាំង ៖ ចិន ដែលជាប្រទេសមហាយក្សនៅអាស៊ី បានបាញ់បង្ហោះយានអវកាសសម្ងាត់បំផុតទៅកាន់ទីអវកាស ។ រូបភាពនៃយាននេះ ត្រូវថតបានក្នុងឆ្នាំ២០២៤ ដោយផ្កាយរណបពិភពលោក WorldView-3 របស់ក្រុមហ៊ុនឯកជនអាមេរិក Vantor ពីចម្ងាយប្រហែល ៩០ គីឡូម៉ែត្រ ។
ក្រោយមក រូបភាពយាននេះត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍សន្តិសុខអវកាសរបស់មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក ហើយទើបតែត្រូវបានបញ្ចេញផ្សព្វផ្សាយជាសាធារណៈនៅចុងខែតុលានេះ ។
បើតាមវេបសាយ Space, យានអវកាសរបស់ប្រទេសចិននេះ មានឈ្មោះថា Shenlong ឬនាគសួគ៌ ត្រូវបានបាញ់បង្ហោះទៅក្រៅផែនដីកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ហើយបច្ចុប្បន្នកំពុងបំពេញបេសកកម្មលើកទី៤ របស់វានៅទីអវកាស ។
ទីភ្នាក់ងារអវកាសចិនបានត្រឹមបង្ហើបឱ្យដឹងថា យានអវកាស Shenlong នេះ រចនាឡើងមានគោលបំណងសាកល្បងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍវិធីសាស្ត្រធ្វើដំណើរទៅមកក្នុងលំហអាកាសឱ្យកាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃ សម្រាប់ការប្រើប្រាស់ទីអវកាសដោយសន្តិភាពនាពេលអនាគត ។
យ៉ាងណា អ្នកតាមដានសកម្មភាពអវកាសបានអះអាងថា យាន Shenlong របស់ចិននេះ មានសមត្ថភាពបញ្ចេញវត្ថុអាថ៌កំបាំងជាច្រើនចូលទៅក្នុងលំហរអាកាស រួចធ្វើការហាត់សមចូលទៅជិត និងចាប់យក ឬតភ្ជាប់ជាមួយវត្ថុទាំងនោះត្រឡប់មកវិញ ។
ជាមួយនឹងសមត្ថភាពនេះ អ្នកតាមដានសកម្មភាពអវកាសជឿជាក់ថា យាន Shenlong របស់ចិន អាចត្រូវបានប្រើប្រាស់សម្រាប់ទាំងការងារជួសជុល, ការថែទាំផ្កាយរណបខ្លួនឯង ឬអាចប្រើប្រាស់ដើម្បីទៅរំខាន និងកម្ទេចផ្កាយរណបរបស់គូប្រជែងក្នុងពេលមានជម្លោះ ។
យានអវកាសសម្ងាត់របស់ចិនមួយនេះ ត្រូវបានប្រភពរាយការណ៍ថា មានស្លាប និងរូបរាងស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងយានអវកាសសម្ងាត់គ្មានមនុស្សបើក X-37B របស់កងកម្លាំងអវកាសអាមេរិក ។
ព័ត៌មានដ៏រសើបរបស់យាន Shenlong ត្រូវបានបែកធ្លាយក្នុងបរិបទដែលប្រទេសមហាអំណាចពិភពលោកទាំងពីរ គឺចិន និងសហរដ្ឋអាមេរិក កំពុងប្រកួតប្រជែងគ្នាលើវិស័យអវកាស ដែលធ្វើឱ្យលំហរអាកាសក្លាយជា “សមរភូមិថ្មី” នៃការដណ្តើមអំណាចជាសកល ៕
ប្រភព ៖ Space ប្រែសម្រួល ៖ ឈឹម ទីណា