អាមេរិក លក់មីស៊ីល Patriot ជាង២ពាន់លានដុល្លារឲ្យ អ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់មីស៊ីល Patriot PAC-3 ចំនួន ៥០០ គ្រាប់ទៅឱ្យអ៊ុយក្រែន ក្នុងតម្លៃប៉ាន់ស្មាន ២ពាន់១០០លានដុល្លារ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសុក្រ។
ក្រសួងការបរទេសរៀបរាប់ទៀតថា នេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការផ្គត់ផ្គង់អាវុធការពារទៅឱ្យទីក្រុងកៀវ ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលលោក ត្រាំ អាណត្តិទីពីរមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា អ៊ុយក្រែននឹងចំណាយលើមីស៊ីលស្ទាក់ចាប់ទាំងនេះ ដោយប្រើប្រាស់ថវិកា ទទួលបានពីប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវែស តាមរយៈកម្មវិធីមួយដែលមានឈ្មោះថា US JUMPSTART រួមជាមួយនឹងថវិកាជាតិដែលបានមកពីប្រាក់កម្ចីគាំទ្រអ៊ុយក្រែនរបស់សហភាពអឺរ៉ុប។
យោងតាមគេហទំព័ររបស់មន្ទីរ Pentagon, កម្មវិធីនេះប្រើប្រាស់ការបរិច្ចាគពីបណ្តាប្រទេសសម្ព័ន្ធមិត្ត ដើម្បីទិញអាវុធ សេវាកម្ម និងការបណ្តុះបណ្តាលសម្រាប់អ៊ុយក្រែន ក្នុងគោលបំណងគាំទ្រដល់ការការពារខ្លួន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។
បើតាម Reuters, អ៊ុយក្រែនបានលើកឡើងជាយូរមកហើយថា ខ្លួនត្រូវការមីស៊ីលស្ទាក់ចាប់បន្ថែមជាបន្ទាន់ ដើម្បីបាញ់ទម្លាក់រលកមីស៊ីលជាច្រើនដែលកងទ័ពរុស្ស៊ីបាញ់សំដៅមកលើប្រទេសនេះ។
ប្រព័ន្ធមីស៊ីល Patriot គឺជាអាវុធដែលមានប្រសិទ្ធភាពបំផុតក្នុងការទប់ទល់នឹងមីស៊ីលផ្លោង ឬ ballistic missiles ដែលមានល្បឿនលឿន៕
ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត