លោក ត្រាំ ថា សង្គ្រាម អ៊ីរ៉ង់ ចប់ឆាប់ៗ ហើយតម្លៃប្រេងនឹងធ្លាក់ចុះភ្លាមៗ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា សង្គ្រាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយតម្លៃប្រេងនឹងធ្លាក់ចុះភ្លាមៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន anadolu កាលពីថ្ងៃសុក្រ។
បើតាមប្រភព, នៅក្នុងបទសម្ភាសន៍មួយ ជាមួយស្ថានីយវិទ្យុ Kansas City លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងអំពីបញ្ហាអ៊ីរ៉ង់ នៅប៉ុន្មានថ្ងៃមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ៣ ខែវិច្ឆិកា។
ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈក្នុងប្រទេសកំពុងឡើងថ្លៃខ្ពស់ រួមជាមួយនឹងការជជែកដេញដោលគ្នាអំពីសង្គ្រាមជាមួយអ៊ីរ៉ង់នោះ មេដឹកនាំវ័យ៨០ឆ្នាំរូបនេះ បានថ្លែងថា «សង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»។
លោកប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា រដ្ឋបាលទីក្រុងវ៉ាស៊ីតោនចង់ឱ្យទីក្រុងតេហេរ៉ង់ធានាថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយលោកបានបញ្ជាក់ដែរថា តម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សភ្លាមៗ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។
លោក ដូណាល់ ត្រាំ បានលើកឡើងថា អ៊ីរ៉ង់ពិតជាចង់ឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកមិនបានផ្តល់មតិយោបល់ណាមួយទេថា តើកិច្ចព្រមព្រៀងដែលអាចកើតមាននោះ នឹងសម្រេចបាននៅពេលណា ឬតាមរបៀបណា។
សង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ កាលពីចុងខែកុម្ភៈ បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនថាមពលចេញពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។
ចាប់តាំងពីជម្លោះបានផ្ទុះឡើង អ៊ីរ៉ង់បានចាប់ផ្តើមបិទផ្លូវទឹកដ៏សំខាន់គឺច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃបរិមាណសរុបរបស់ពិភពលោក។ លើសពីនេះ អ៊ីរ៉ង់ក៏តែងតែវាយប្រហារលើនាវាទាំងឡាយណាដែលព្យាយាមឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកក៏បានរក្សាការបិទផ្លូវសមុទ្រនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ ដោយប្រើប្រាស់កងទ័ពជើងទឹក ដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសនេះ៕
ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត