មេធំអ៊ីរ៉ង់គំរាមផ្ទុះសង្គ្រាមមិនរើសតំបន់ បើអាមេរិកវាយប្រហារប្រទេសខ្លួនជាថ្មី
ហេរ៉ង់ ៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា បានប្រកាសព្រមានវាយប្រហារសងសឹកភ្លាមៗ ដោយគ្មានកំណត់តំបន់ ប្រសិនបើអាមេរិក និងអ៊ីស្រាអែល ហ៊ានតែបើកការវាយប្រហារ បង្កសង្គ្រាមជុំថ្មី ប្រឆាំងមកលើប្រទេសរបស់ខ្លួន។
ការចេញមុខគំរាមបែបនេះ បានធ្វើឡើង បន្ទាប់ពី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានព្រមានបន្តការវាយប្រហារឡើងវិញ ក្រោយបញ្ចប់ការបោះឆ្នោតនៅអាមេរិក ខណៈដែលក្តីបារម្ភកំពុងកើនឡើងអំពីលទ្ធភាពនៃការវិលត្រឡប់ទៅរកជម្លោះប្រយុទ្ធគ្នា។
យោងតាមសេចក្តីថ្លែងការណ៍មួយ, មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានថ្លែងប្រាប់មេបញ្ជាការយោធាជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំមួយថា «រាល់ការគំរាមកំហែង មិនថាកម្រិតណា ឬប្រភេទណានោះទេ គឺត្រូវតែឆ្លើយតបវិញជាបន្ទាន់ ប្រកបដោយប្រសិទ្ធភាព និងមិនមានការកំណត់ព្រំដែនភូមិសាស្ត្រឡើយ»។
បើតាម CNA, ជំនួបនេះគឺជាការជួបគ្នាលើកដំបូង ដែលមានសេចក្តីរាយការណ៍ថា បានកើតឡើងរវាងលោក Khamenei និង មេបញ្ជាការជាន់ខ្ពស់នៃកងទ័ព។
យ៉ាងណា គេមិនបានឃើញមេដឹកនាំកំពូលរូបនេះបង្ហាញខ្លួនជាសាធារណៈឡើយ ចាប់តាំងពីមុនពេលដែលលោកឡើងកាន់តំណែងដឹកនាំប្រទេស កាលពីខែមីនា ពោលគឺបន្ទាប់ពីឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
បើតាមប្រភព, លោក Khamenei ក៏បានបញ្ជាឱ្យមេបញ្ជាការនានាធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ ដោយរួមបញ្ចូលទាំង រាល់ទ្រព្យសម្បត្តិគ្រប់ប្រភេទ ទាំងផ្នែករូបវន្ត និងមិនមែនរូបវន្ត ដែលជារបស់សត្រូវផងដែរ។
គួរកត់សម្គាល់ថា ប្រទេសកាតា និងប៉ាគីស្ថាន បានដើរតួនាទីជាអ្នកសម្របសម្រួលរវាងភាគីជម្លោះ ប៉ុន្តែការចរចាទាំងនោះនៅមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងដែលមាននិរន្តរភាពនៅឡើយទេ។
កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានផ្ញើលិខិតមួយទៅកាន់ប្រធានផ្នែកសន្តិសុខរបស់ប្រទេសអ៊ីរ៉ង់ តាមការណែនាំរបស់លោក Trump ក្នុងគោលបំណងស្តារការចរចាឡើងវិញ និងទប់ស្កាត់កុំឱ្យមានការវាយប្រហារបន្ថែមទៀតពីសំណាក់សហរដ្ឋអាមេរិក៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត