រដ្ឋមន្រ្តីក្រសួងកសិកម្ម បន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ រដ្ឋបាលស្រុកភ្នំស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងការឧបត្ថម្ភស្បៀងបម្រុងដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។

ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្តជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកព្រះនេត្រព្រះ និងពលរដ្ឋក្នុងឃុំឈ្នួរមានជ័យ ឃុំព្រះនេត្រព្រះ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដើម្បីរួមចំណែកជួយដល់ការស្តារឡើងវិញសម្រាប់រដូវក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តពុកម៉ែបងប្អូនប្រជាកសិករឱ្យចូលជាសមាជិកនៃសហគមន៍កសិកម្មទំនើបដែលមានស្រាប់នៅស្រុកព្រះនេត្រព្រះ ដោយយន្តការនេះនឹងជួយដល់ការសន្សំសំចៃចំណាយថ្លៃដើមផលិតកម្ម។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកព្រះនេត្រព្រះ ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងសកម្ម ក្នុងការសម្របសម្រួលជួយសង្គ្រោះ និងការបែងចែកអំណោយសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋបានឆាប់រហ័ស៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner