អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក អាកាស និងចារកម្មរបស់ចក្រភពអង់គ្លេស ជាអង្គភាព “ភេរវករ”
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានប្រកាសចាត់ទុកកងទ័ពជើងទឹក អាកាស និងសេវាស៊ើបការណ៍សម្ងាត់ (MI6) របស់ចក្រភពអង់គ្លេស ជាអង្គភាព «ភេរវករ និងអរិភាព» ដោយសារតែសកម្មភាពរបស់ទីក្រុងឡុងដ៍ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ក្នុងពេលមួយឆ្នាំកន្លងមកនេះ ។
វិធានការក្តៅនេះ កើតឡើងក្រោយអ៊ីរ៉ង់ចោទថា ចក្រភពអង់គ្លេសបានធ្វើសកម្មភាពជាច្រើនប្រឆាំងនឹងប្រទេសខ្លួន មានដូចជាការចូលរួមរបស់ទីក្រុងឡុងដ៍ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ តាមរយៈការបើកដៃឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព និងទីតាំងយោធានានានៅលើទឹកដីខ្លួន ក៏ដូចជាការចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថា ជា «ការគំរាមកំហែងដល់សន្តិសុខជាតិ» ។
បើតាមក្រសួងការបរទេសអ៊ីរ៉ង់, ការសម្រេចចិត្តចាត់ទុកកងទ័ពជើងទឹក អាកាស និងសេវាស៊ើបការណ៍សម្ងាត់ (MI6) របស់ចក្រភពអង់គ្លេស ជាអង្គភាព «ភេរវករ និងអរិភាព» បានចូលជាធរមានកាលពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ដោយផ្អែកលើសេចក្តីសម្រេចដែលអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ។
បន្ថែមលើនេះ អ៊ីរ៉ង់ក៏បានថ្កោលទោសគោលនយោបាយ និងសកម្មភាពអរិភាពរបស់ទីក្រុងឡុងដ៍ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ផងដែរ ដោយចាត់ទុកសកម្មភាពនានារបស់ចក្រភពអង់គ្លេស បានផ្ទុយស្រឡះពីគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ស្តីពីការគោរពអធិបតេយ្យភាពជាតិ និងការហាមឃាត់វិធានការខុសច្បាប់ប្រឆាំងនឹងរដ្ឋដទៃ ។
ជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានសង្កត់ធ្ងន់ទៀតថា វិធានការទាំងនេះត្រូវបានអនុម័តស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍សងសឹកតបត ដោយព្រមានថា រដ្ឋាភិបាលអង់គ្លេសនឹងត្រូវទទួលខុសត្រូវចំពោះផលវិបាកដែលកើតចេញពីសកម្មភាពអរិភាពរបស់ខ្លួនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
