រយៈពេល ៣០ឆ្នាំ វត្ថុបុរាណខ្មែរជាង ២ ៤០០ ត្រូវបាននាំយកមកទឹកដីកំណើតវិញតាមរយៈកិច្ចសហការអន្តរជាតិ


ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ វត្ថុបុរាណខ្មែរសរុបជាង ២ ៤០០ ទាំងធំ និងតូច ត្រូវបាននាំយកមកទឹកដីកំណើតវិញតាមរយៈកិច្ចសហការអន្តរជាតិ និងការខិតខំប្រឹងប្រែងទាមទារពីបណ្តាប្រទេសចំនួន ១៧ នៅជុំវិញពិភពលោក។

គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែតុលា ឆ្នាំ២០២៦ វត្ថុបុរាណខ្មែរសរុបចំនួន ២ ៤៣៣ ទាំងធំនិងតូច ត្រូវបានបញ្ជូនត្រឡប់ពីបរទេសមកកម្ពុជាវិញ ក្នុងចំណោមនោះមានវត្ថុសិល្បៈខ្មែរចំនួន ៩១២ បានប្រគល់ត្រឡប់មកវិញពីសហរដ្ឋអាមេរិក តាមរយៈរូបភាពផ្សេងៗគ្នាដូចជា ការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស និងការប្ដឹងតាមផ្លូវតុលាការ។

គិតត្រឹមខែតុលា ឆ្នាំ២០២៦ មានប្រទេសចំនួន ១៧ ដែលបានប្រគល់វត្ថុបុរាណខ្មែរត្រឡប់មកកម្ពុជាវិញ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា និងដៃគូអន្តរជាតិ។ ប្រទេស​ទាំងនោះរួមមាន អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ដាណាម៉ាក បារាំង អាឡឺម៉ង់ ហុងហ្គារី ឥណ្ឌូណេស៊ី ជប៉ុន ហូឡង់ ណ័រវ៉េ សិង្ហបុរី ស្វីស ថៃ កូរ៉េខាងត្បូង និងប្រទេសចិន (តៃវ៉ាន់) ជាដើម។

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ការចរាចរ និងជួញដូរវត្ថុបុរាណ ជាបញ្ហាសកលដែលកើតមានឡើងនៅតាមប្រទេសជាច្រើននៅទូទាំងសកលលោក ហើយភាគច្រើនត្រូវបានប្រព្រឹត្តិជាលក្ខណៈប្រព័ន្ធ និងមានទ្រង់ទ្រាយធំប្រទាក់ក្រឡាគ្នាដ៏ស្មុគស្មាញ តាមរូបភាពផ្ទេរក្លែងបន្លំប្រវត្តិ និងប្រភពដើមនៃសម្បត្តិវប្បធម៌ ដើម្បីលួចនាំចេញដោយខុសច្បាប់ឆ្លងកាត់ព្រំដែន ហើយចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងស្ថាប័នអន្តរជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងបន្តធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានលួចយកចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធតាមមធ្យោបាយចរចា តាមផ្លូវការទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់ ដើម្បីនាំយកសម្បត្តិវប្បធម៌ដែលបានបាត់បង់ទាំងនោះ ត្រឡប់មកមាតុភូមិកំណើតវិញ។

ជាក់ស្តែង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ វត្ថុបុរាណខ្មែរចំនួន ១៨ បំណែក ត្រូវបាននគរបាលអង់គ្លេសប្រគល់ឲ្យកម្ពុជាវិញ​ ហើយនឹងត្រូវបញ្ជូនមកដល់កម្ពុជានាពេលខាងមុខ។ មន្ត្រីជំនាញនឹងធ្វើការសិក្សាស្រាវជ្រាវលើវត្ថុទាំងនេះ និងប្រៀបធៀបជាមួយលទ្ធផលស្រាវជ្រាវនៅទីតាំងជាក់ស្តែង កំណត់ត្រាទីតាំងបុរាណវិទ្យា និងសក្ខីកម្មផ្ទាល់នានា ដើម្បីជួយឱ្យ​កាន់តែ​យល់ច្បាស់អំពីប្រវត្តិ និងប្រភពដើមរបស់វត្ថុទាំងនេះ៕ ទួន សុផល


ads banner