ផ្លូវលេខ ៧៨សេ ទៅស្រុកសៀមប៉ាង ជួសជុលបាន ៩០% ខណៈកំពុងជំរុញគម្រោងក្រាលកៅស៊ូ
គិតត្រឹមចុងខែតុលា កន្លងទៅនេះ ផ្លូវខេត្តលេខ ៧៨សេ (78C) ប្រវែង ៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧អា ឆ្ពោះទៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់នាដូវវស្សាកន្លងទៅ សម្រេចជួសជុលបានប្រមាណ ៩០ភាគរយហើយ ខណៈអាជ្ញាធរកំពុងជំរុញនីតិវិធីស្នើសុំថវិកាពីធនាគារចិន ដើម្បីក្រាលកៅស៊ូ DBSTនាពេលខាងមុខ។
ផ្លូវលេខ ៧៨សេ គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងស្រុកសៀមប៉ាង ទីរួមខេត្តស្ទឹងត្រែង រហូតដល់ខេត្តរតនគិរី។ នៅក្នុងរដូវវស្សាឆ្នាំ២០២៦ ភ្លៀងធ្លាក់ខ្លាំង រួមផ្សំនឹងចរាចរណ៍រថយន្តធុនធំមមាញឹកផង បានធ្វើឱ្យកំណាត់ផ្លូវនេះក្លាយជាជង្ហុកធំៗ បង្កការលំបាកដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្សេង។
ជាដំណោះស្រាយបន្ទាន់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានបញ្ជូនគ្រឿងចក្រចុះកៀរ ថែទាំ និងកែលម្អឡើងវិញដោយមិនបង្អែរបង្អង់។ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការខេត្ត បានបញ្ជាក់ថា ការងារជួសជុលសម្រេចបាន ៩០ភាគរយហើយ ព្រមទាំងមានការរឹតបន្តឹងលើរថយន្តដឹកលើសទម្ងន់ផងដែរ។
លោក ស គឹមណាត បញ្ជាក់ថា ផ្លូវលេខ ៧៨សេ មានប្រវែងសរុប ៤៥គីឡូម៉ែត្រ ពីចំណុចផ្លូវបំបែកដុងក្រឡ រហូតដល់តំបន់ទន្លេក្នុងស្រុកសៀមប៉ាង ត្រូវបានដាក់ក្នុងផែនការថែទាំប្រចាំឆ្នាំចំនួនពីរដង។ ប៉ុន្តែដោយសារឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ រួមផ្សំនឹងការធ្វើចរាចរណ៍របស់រថយន្តធុនធ្ងន់ផង បានធ្វើឱ្យផ្លូវដីក្រហមនេះរងការខូចខាតធ្ងន់ជាងឆ្នាំ២០២៥។
លោកប្រធានមន្ទីរបានបន្ថែមថា ការជួសជុល គឺជាវិធានការដោះស្រាយការលំបាកចំពោះមុខជូនប្រជាពលរដ្ឋ តែទន្ទឹមនឹងនេះ ក្រសួង និងរដ្ឋបាលខេត្ត កំពុងខិតខំជំរុញគម្រោងថវិកាពីធនាគារចិន ដើម្បីសាងសង់ជាផ្លូវកៅស៊ូ DBST នាពេលខាងមុខ ដែលជាដំណោះស្រាយរយៈពេលវែង ។
បច្ចុប្បន្នទោះបីជាគម្រោងផ្លូវកៅស៊ូមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់យ៉ាងណាក្តី ប៉ុន្តែការស្តារផ្លូវឱ្យសម្រួលដល់ការធ្វើដំណើរឡើងវិញនាពេលនេះ បានបង្កើតក្តីសង្ឃឹមថ្មីសម្រាប់ប្រជាពលរដ្ឋស្រុកសៀមប៉ាង ក្នុងការស្តារជីវភាពសេដ្ឋកិច្ច និងការដឹកជញ្ជូនមានភាពងាយស្រួលឡើងវិញ។
លោក សន សារឿន អភិបាលស្រុកសៀមប៉ាង បានលើកឡើងពីសារៈសំខាន់នៃកំណាត់ផ្លូវលេខ ៧៨សេ ។ លោកបានចាត់ទុកផ្លូវនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក ជាពិសេសការធ្វើដំណើរទៅកាន់ទីរួមខេត្ត និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។ផ្លូវនេះក៏មានទំនាក់ទំនងខេត្តរតនគិរីផងដែរ៕
ដោយ៖ឡុង សំបូរ


