រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីវិធីក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។
តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពនាពេលអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំង ពិនិត្យលទ្ធភាពបន្ថែមទៀតដើម្បីពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តា ប្រទេសសមាជិកមេគង្គ-ឡានឆាង។ កិច្ចពិភាក្សា នឹងផ្តោតលើការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និង ការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
ស្របពេលជាមួយកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបពិភាក្សា ទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីពិភាក្សាអំពីវិធីក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម៕
ដោយ៖ពលជ័យ

