អាមេរិក គ្រោងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ៥ ដង ដល់យន្តហោះចម្បាំង F-16

វ៉ាស៊ីនតោន ៖ កងទ័ពអាកាសអាមេរិកកំពុងជំរុញផែនការបំពាក់មីស៊ីលវាយប្រហារល្បឿនលឿនជាងសំឡេងរហូតដល់ ៥ ដង ប្រភេទ Blackbeard លើយន្តហោះចម្បាំង F-16 Fighting Falcon ។
 
ផែនការជំរុញនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Castelion ទទួលបានកិច្ចសន្យាពីមន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាស ហៅកាត់ AFRL ដើម្បីចាប់ផ្តើមដាក់បញ្ចូលមីស៊ីលនេះ ទៅក្នុងប្រព័ន្ធអាវុធយន្តហោះចម្បាំង F-16 ។
 
បើតាម Interesting Engineering, មីស៊ីល Blackbeard ត្រូវបានរចនាឡើងជាអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលអាចហោះក្នុងល្បឿនលឿនជាងសំឡេងលើសពី ៥ ដង និងអាចហោះហើរបត់បែននៅក្នុងបរិយាកាស ។
 
មីស៊ីលនេះ ត្រូវបានរំពឹងថា នឹងអាចបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាសរបស់សត្រូវ ដោយសារតែល្បឿនលឿនជាងសំឡេង និងសមត្ថភាពអាចហោះហើរបត់បែនរបស់វា អាចធ្វើឱ្យការតាមដាន និងការព្យាករគន្លងហោះហើរកាន់តែលំបាក ។
 
រីឯយន្តហោះចម្បាំង F-16 Fighting Falcon គឺជាយន្តហោះចម្បាំងពហុមុខងារ ដែលកងទ័ពអាកាសអាមេរិក ក៏ដូចជាកងទ័ពអាកាសប្រទេសជាច្រើនទៀតនៅលើពិភពលោកកំពុងប្រើប្រាស់ ។
 
ក្រៅពីយន្តហោះចម្បាំង F-16, យោធាអាមេរិកក៏មានផែនការញាត់បញ្ចូលមីស៊ីលនេះទៅក្នុងខ្លួនយន្តហោះចម្បាំង F/A-18E/F Super Hornet របស់កងទ័ពជើងទឹកផងដែរ ។
 
ហើយដើម្បីជួយជំរុញមហិច្ឆតារបស់យោធាអាមេរិក ក្រុមហ៊ុន Castelion កំពុងផ្តោតលើការអភិវឌ្ឍប្រព័ន្ធអាវុធ ដែលមានតម្លៃផលិតធូរថ្លៃ និងអាចផលិតបានក្នុងចំនួនច្រើន ដើម្បីធ្វើឱ្យសមត្ថភាពវាយប្រហារដោយមីស៊ីលល្បឿនលឿនជាងសំឡេង អាចត្រូវបានដាក់ពង្រាយក្នុងបរិមាណច្រើន ជាងប្រព័ន្ធអាវុធទំនើបដែលមានតម្លៃខ្ពស់កប់ពពកនាពេលបច្ចុប្បន្ន ៕
 
 ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner