អ្នកជំនាញរំពឹងថា កម្ពុជានឹងលើកឡើងពីការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាព្រំដែនក្នុងកិច្ចប្រជុំមេគង្គ-ឡានឆាង នៅប៉េកាំង
អ្នកជំនាញកិច្ចការតំបន់ និងភូមិសាស្ត្រនយោបាយរំពឹងថា កម្ពុជានឹងលើកឡើងពីបញ្ហាសន្តិសុខ ជម្លោះព្រំដែន ការបង្ក្រាបបទល្មើសឆ្លងដែន និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងឱកាសដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ៥ឆ្នាំ ២០២៣-២០២៧ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាពនាពេលអនាគត។
យោងតាមការប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី ២ វិច្ឆិកា កិច្ចពិភាក្សានឹងផ្តោតជាសំខាន់លើការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។ ក្រៅពីកិច្ចប្រជុំតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីដាច់ដោយឡែកជាមួយ ឯកឧត្តម វ៉ាង យី ដើម្បីស្វែងរកមធ្យោបាយថ្មីៗក្នុងការពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានមានប្រសាសន៍ថា ជំនួបទ្វេភាគីនេះ នឹងជួយពង្រឹងទំនាក់ទំនងនិងកិច្ចសហការជិតស្និតជាមួយគ្នាបន្ថែមទៀតលើគ្រប់វិស័យដែលមានស្រាប់រវាងប្រទេសទាំងពីរ។
ជុំវិញព្រឹត្តិការណ៍នេះ លោកបណ្ឌិត ជ័យ តិច អ្នកជំនាញសេដ្ឋកិច្ច និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ មើលឃើញថា ក្នុងកិច្ចប្រជុំនេះ កម្ពុជានឹងលើកឡើងអំពីលទ្ធផលនៃការបង្ក្រាបការជួញដូរមនុស្ស បទល្មើសឆបោកតាមបច្ចេកវិទ្យា ការលាងលុយ និងជាពិសេសការរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលផ្ទុយនឹងគោលការណ៍នៃកិច្ចសហប្រតិបត្តិការ។ លោកបណ្ឌិតបន្ថែមថា កិច្ចសហការនេះផ្តល់ប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ដូចជាការអភិវឌ្ឍជនបទ កសិកម្ម សន្តិសុខទឹកទន្លេមេគង្គ ព្រមទាំងការជំរុញពាណិជ្ជកម្ម និងខ្សែចង្វាក់ផលិតកម្ម។
ចំពោះជំនួបទ្វេភាគីជាមួយភាគីចិន អ្នកជំនាញរូបនេះជឿជាក់ថា នឹងជួយជំរុញកិច្ចសហប្រតិបត្តិការការទូត ការគាំទ្រគ្នាលើឆាកអន្តរជាតិ និងការគាំទ្ររបស់ចិនលើវិស័យកសិកម្ម អប់រំ ថាមពល ទេសចរណ៍ ការវិនិយោគ និងការពារជាតិជាដើម។
ដោយឡែក លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា កម្ពុជាអាចយកវេទិកាមកជំរុញឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែនទាំងឡាយ ដែលប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក ក្នុងគោលបំណងទប់ស្កាត់ការរំលោភបំពាន និងការរុលចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់កងកម្លាំងយោធាថៃ។
សូមរំលឹកថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានសមាជិក ៦ប្រទេស រួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ហើយកិច្ចសហប្រតិបត្តិការនេះផ្តោតលើវិស័យអាទិភាពចំនួនប្រាំ គឺការផ្សារភ្ជាប់ទំនាក់ទំនង សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក និងកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ៕
ទួន សុផល

