ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តតាកែវ
ពិធីប្រណាំងទូក ង រយៈពេល២ថ្ងៃនៅខេត្តតាកែវ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ជា ប្រធាន ក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រណាំងទូក ង នៅខេត្តតាកែវ នៅរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦។
កម្មវិធីនេះក៏ជាការចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូក ង និងទេសចរណ៍នៅខេត្តតាកែវផងដែរ។
ការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះមាន តំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈ អភិបាល ខេត្ត ថ្នាក់ ដឹកនាំ ជាអនុប្រធាន សមាជិក ក្រុម ការងារ រាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋាន ខេត្ត តាកែវ មន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
មានប្រសាសន៍នៅក្នុងពិធីបិទការប្រណាំងទូកនៅខេត្តតាកែវ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ទូកអាចលឿនទៅមុខបាន អាស្រ័យដោយអ្នកអ៊ុំចេះស្រុះស្រួលគ្នាជាកម្លាំងតែមួយ តាមសង្វាក់តែមួយ ។ ឯកឧត្តម បន្ថែមថា នេះជាមេរៀនដ៏ល្អសម្រាប់យើងទាំងអស់គ្នាថា សាមគ្គីភាព និងការរួមដៃគ្នា គឺជាកម្លាំងដ៏ធំក្នុងការកសាងសហគមន៍ និងកសាងប្រទេសជាតិរបស់យើង ។
ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់បន្ថែមថា ការប្រកួតនេះមិនមែនដើម្បីឈ្នះចាញ់ទេ ដើម្បីចូលរួមថែរក្សារប្រពៃណីវប្បធម៌ដ៏ល្អរបស់យើង។ ឯកឧត្តមក៏បានអំពាវនាវដល់កីឡាករទូក នៅតែបន្តចូលរួមការប្រកួតប្រជែងប្រណាំងទូកនៅឆ្នាំក្រោយៗបន្តទៀត ដោយហាត់ឱ្យបានស្ទាត់ នៅពេលមានពិធីបុណ្យអ៊ុំទូកថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។
ពិធីប្រណាំងទូកលើកទី២ នៅបឹងតាកែវ រៀបចំរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបឹងតាកែវ ក្រុងដូនកែវ ដោយមានទូកចូលរួមប្រកួតចំនួន ៣៧ទូក តាមបណ្តាស្រុកក្រុង និងទូកតាមមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានកីឡាករសរុបទាំងអស់ ៤៤៤នាក់ ។
ក្នុងកម្មវិធីប្រណាំងទូកនេះដែរ រដ្ឋបាលខេត្តរៀបចំការប្រគំតន្ត្រី សម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការតាំងបង្ហាញនូវមុខម្ហូប អាហារ សម្ភារៈ ផលិតផលភូមិមួយ ផលិតផលមួយ សម្រាប់ប្រើប្រាស់ផ្សេងៗ ការរៀបចំកាំជ្រួចនាពេលរាត្រីវេលាម៉ោងប្រាំពីរយប់ផងដែរ។
សម្រាប់ទូកជ័យលាភីលេខ លេខ១ បានទៅលើឈ្មោះ មន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ លេខ២ បានទៅលើ ឈ្មោះព្រះខ័នមានជ័យបារមី ស្រុកព្រៃកប្បាស និងលេខ៣ បានទៅលើទូកមុខងារអធិការកិច្ចធីបតីសែនជ័យបារមីស្រីខ្មៅមានរិទ្ធ របស់មន្ទីរមុខងារ និងមន្ទីរអធិការកិច្ច ។
សម្រាប់ប្រាក់ឧបត្ថម្ភទូកលេខ១ បាន៥លានរៀល លេខ២ បាន៤ លានរៀល និងទូកលេខ៣បាន៣លានរៀល។ គណៈកម្មការរៀបចំពិធីអុំទូក ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន២០លានរៀលផងដែរ៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា







