មុខរបរតជំនាន់៖ អ្នកភូមិសំរោងច្នៃរុក្ខជាតិព្រៃធ្វើអំបោស បម្រើការសម្អាតនៅរមណីយដ្ឋានអង្គរ
អ្នកភូមិសំរោង ក្រុងអង្គរ នៅតែបន្តរក្សាមុខរបរធ្វើអំបោសពីដើមរុក្ខជាតិរកពីព្រៃតជំនាន់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសម្អាត និងថែរក្សាសោភណភាពរមណីយដ្ឋានអង្គរ។
ដើម្បីសម្រេចបាននូវអំបោសមួយដើម មិនមែនជាការងារងាយស្រួល ។ទោះបីជាការដើរប្រមូលដើមពួច និងដើមម្រេចទន្សាយពីក្នុងព្រៃជ្រៅ តម្រូវឱ្យបោះតង់សម្រាកអត់ធន់ជាច្រើនថ្ងៃ និងទទួលបានប្រាក់ចំណូលមិនសូវខ្ពស់ក៏ដោយ ប៉ុន្តែអ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅតែបន្តរក្សាមុខរបរធ្វើអំបោសអំពីដើមរុក្ខជាតិតាមព្រៃនេះដដែល។មុខរបរតជំនាន់នេះ ដែលមិនត្រឹមតែជួយសម្រាលបន្ទុកគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសម្ភារជួយដល់ការសម្អាតបរិស្ថានប្រាសាទក្នុងរមណីយដ្ឋានអង្គរផងដែរ។
អំបោស គឺជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃដែលមិនអាចខ្វះបានឡើយ សម្រាប់បោសសម្អាតតាមផ្ទះ ទីធ្លា និងតាមដងផ្លូវ។ ទោះបីជាអំបោសធ្វើអំពីដើមរុក្ខជាតិមានច្រើនប្រភេទយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អ្នកភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ បានជ្រើសរើសយកដើមពួច និងដើមម្រេចទន្សាយ មកច្នៃធ្វើជាអំបោស ពីព្រោះរុក្ខជាតិ២ប្រភេទនេះ ធន់នឹងសំណឹក ព្រមទាំងស្រាលងាយស្រួលបោស។
ដើម្បីបានរុក្ខជាតិទាំងនេះមកផលិតជាអំបោស អ្នកភូមិត្រូវឆ្លងកាត់ការលំបាកជាច្រើនដំណាក់កាល។
ស្ថិតក្នុងគ្រួសារមួយដែលប្រកបរបរធ្វើអំបោសតជំនាន់ លោក រឿម សារ៉ូ បានរៀបរាប់ថា ដោយសាររុក្ខជាតិដែលត្រូវធ្វើអំបោសនៅក្បែរភូមិកាន់តែខ្សត់ លោកត្រូវធ្វើដំណើរទៅកាន់ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបោះតង់សម្រាកក្នុងព្រៃយ៉ាងតិចជិត ១០ថ្ងៃ ក្នុងមួយជើងៗ ដើម្បីកាប់ដើមពួច និងម្រេចទន្សាយឱ្យបានពេញគោយន្ត។
អ្នកស្រី រឹម ហាវ ដែលជាភរិយា បានឱ្យដឹងបន្ថែមថា ការចេញរកមួយជើងៗអាចកាប់រុក្ខជាតិយកមកធ្វើអំបោសបានចាប់ពី ៥០០ ទៅ ៦០០ដុំ ឬពេលខ្លះរហូតដល់ ១ពាន់ដុំក៏មាន អាស្រ័យលើការខំប្រឹងស្វែងរក។ បន្ទាប់មកឈ្មួញកណ្តាលនឹងមកប្រមូលទិញក្នុងតម្លៃ ៥០០ ទៅ ៦០០រៀលក្នុងមួយដុំ ។
ទោះបីជាតម្លៃហាក់មិនសូវបានខ្ពស់ ប៉ុន្តែរបរធ្វើអំបោសនេះបានក្លាយជាប្រភពចំណូលចម្បងក្នុងការសម្រាលបន្ទុកគ្រួសារយ៉ាងច្រើន បន្ថែមលើមុខរបរធ្វើស្រែ និងមុខរបរបន្ទាប់បន្សំ។ លើសពីនេះទៅទៀត វាជាមរតកអាជីពតជំនាន់ ដោយអ្នកស្រី រឹម ហាវ ផ្ទាល់បានចេះក្រង និងធ្វើអំបោសនេះលក់តាំងពីអាយុ ២០ឆ្នាំមកម្ល៉េះ។
រហូតមកដល់សព្វថ្ងៃ អំបោសដើមពួច និងម្រេចទន្សាយនៅតែទទួលបានការនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅ។ ជាក់ស្តែងនៅក្នុងរមណីយដ្ឋានអង្គរ គេតែងប្រទះឃើញអំបោសប្រភេទនេះត្រូវបានយកទៅប្រើប្រាស់សម្រាប់បោសសម្អាតតាមបរិវេណប្រាសាទ ជាពិសេសនៅទីតាំងដែលសម្បូរស្លឹកឈើជ្រុះ ដោយសារវាអាចបោសបានស្អាត និងមានប្រសិទ្ធភាពខ្ពស់ជាងអំបោសដទៃទៀត៕
ដោយ៖ទួន សុផល







