កម្ពុជា កសាងប្រព័ន្ធហិរញ្ញវត្ថុពីចំណុចសូន្យ រហូតក្លាយជាម្ចាស់ផ្ទះរៀបចំវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ជាលើកដំបូង
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ជាលើកដំបូង នៅពាក់កណ្ដាលខែវិច្ឆិកានេះ ដោយមានការចូលរួមពីទេសាភិបាលធនាគារកណ្តាល និយ័តករ តំណាងគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
វេទិកាអន្តរជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការសហការរវាងធនាគារជាតិនៃកម្ពុជា (NBC) និងស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (GFTN)។ តាមរយៈវេទិកានេះ អ្នកចូលរួមនឹងទទួលបានទស្សនទានថ្មីៗ និងការយល់ដឹងកាន់តែច្បាស់អំពីទិសដៅវិវត្តនៃប្រព័ន្ធហិរញ្ញវត្ថុ ព្រមទាំងឱកាស និងបញ្ហាប្រឈមនានា ដែលអាចកើតមានក្នុងវិស័យនេះ នាពេលអនាគត។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា កម្ពុជា ធ្លាប់ឆ្លងកាត់ពេលវេលាដ៏លំបាកមួយកាលពីអតីតកាល ដោយត្រូវកសាងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញពីចំណុចសូន្យ។ ប្រព័ន្ធបាគង បានបង្ហាញឱ្យឃើញថា ហេដ្ឋារចនាសម្ព័ន្ធឌីជីថលអាចជួយជំរុញប្រតិបត្តិការអន្តរធនាគារឱ្យកាន់តែទូលំទូលាយ ពង្រីកលទ្ធភាពទទួលបានសេវាទូទាត់ឌីជីថល ពង្រឹងតួនាទីរបស់ប្រាក់រៀល និងតភ្ជាប់កម្ពុជាឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសនានា។
សម្រាប់លោកជំទាវបណ្ឌិត ជា សិរី កិច្ចប្រជុំ Black Swan Summit Cambodia នឹងផ្តល់ជាវេទិកាសម្រាប់ពិភាក្សាកាន់តែទូលំទូលាយ អំពីបទពិសោធទាំងនេះជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសហ្វ្រង់កូហ្វូន ព្រមទាំងសិក្សារៀនសូត្រពីបទពិសោធរបស់ភាគីផ្សេងទៀតផងដែរ។
ដោយឡែក លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ចាត់ទុកវេទិកានេះ ជាឱកាស និងសក្ដានុពល សម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងជួយលើកកម្ពស់វិស័យហិរញ្ញវត្ថុកម្ពុជា។ សម្រាប់បណ្ឌិត ញិល រដ្ឋា វេទិកាអន្តរជាតិនេះ ក៏ជាការបង្ហាញឲ្យឃើញថាកម្ពុជា យកចិត្តទុកដាក់លើផ្នែកហិរញ្ញវត្ថុ ប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ក៏ដូចជា ធ្វើជាគំរូសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។
សូមបញ្ជាក់ថា Black Swan Summit Cambodia 2026 នឹងក្លាយជាវេទិកាផ្លាស់ប្តូរទស្សនៈ និងចែករំលែកចំណេះដឹងលើការវិវត្តនៃវិស័យហិរញ្ញវត្ថុសកល ជាពិសេសពាក់ព័ន្ធនឹងប្រព័ន្ធទូទាត់សងប្រាក់ ទ្រព្យនិម្មិត និងការតភ្ជាប់ហិរញ្ញវត្ថុឆ្លងដែន ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័សក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល៕
ខន ណារី AMS


