កម្ពុជាចេញផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ» ជាពីរភាសា ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០
ភ្នំពេញ៖ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពាក់កណ្តាលខែវិច្ឆិកានេះ សៀវភៅមគ្គុទ្ទេសក៍ជា២ភាសា បារាំង-ខ្មែរ ក្រោមចំណងជើងថា «ស្នាមញញឹមខ្មែរ» ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីរំលេចពីអត្តសញ្ញាណជាតិ និងលុបបំបាត់ការយល់ខុសអំពីកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនិយាយភាសាបារាំង។
សៀវភៅ «ស្នាមញញឹមខ្មែរ» គឺជាស្នាដៃនិពន្ធរួមគ្នារវាងអ្នកនិពន្ធខ្មែរនិងបារាំង ដោយមានការសហការរវាងសារព័ត៌មានថ្មីៗ និងគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា (SIPAR)។ សៀវភៅនេះត្រូវបានប្រកាសចេញផ្សាយជាផ្លូវការនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបោះពុម្ពលើកដំបូងចំនួន ៣.០០០ក្បាល។ សៀវភៅនេះត្រូវបានបែងចែកជា ៣ជំពូកធំៗ ផ្តោតលើខ្លឹមសារជាភាសាខ្មែរមួយចំហៀង និងភាសាបារាំងមួយចំហៀង ដែលមានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ៥ដុល្លារក្នុងមួយក្បាល និងមានបែងចែកតាមបណ្ណាល័យនានាផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២ ខែវិច្ឆិកានៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះ គឺចំពេលដ៏សំខាន់ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ពីថ្ងៃទី១៤ ដល់១៦ វិច្ឆិកា។ ឯកឧត្តមចាត់ទុកការចេញផ្សាយនេះថា ជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីវប្បធម៌ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងការរស់នៅរបស់ពលរដ្ឋកម្ពុជា ទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិ។ ជាងនេះទៅទៀត ក្រសួងព័ត៌មាននឹងយកសៀវភៅនេះ ទៅចែកជូនដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅថ្ងៃបើកកិច្ចប្រជុំកំពូលផងដែរ ដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យរបស់កម្ពុជា។
លោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ និងជាប្រធានក្រុមអ្នកនិពន្ធ បានបញ្ជាក់ថា សៀវភៅនេះចំណាយពេលចងក្រងជាង១ឆ្នាំ ដោយបានរំលេចយ៉ាងក្បោះក្បាយពីប្រពៃណី ទំនៀមទម្លាប់ ម្ហូបអាហារ កីឡាដូនតា ជីវភាពរស់នៅ ព្រមទាំងសេដ្ឋកិច្ច ប្រវត្តិសាស្ត្រ និងនយោបាយការទូតកម្ពុជា។
ចំណែកលោក ប៉ាស្កាល់ មេឌីវីល (Pascal Medeville) ស្ថាបនិកក្រុមហ៊ុនបកប្រែ SIMILI និងជាសហអ្នកនិពន្ធជនជាតិបារាំងដែលរស់នៅកម្ពុជាជាង ១៧ឆ្នាំ បានលើកឡើងថា សៀវភៅនេះបង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិតប្រាកដ រួមមានប្រាសាទ និងសិល្បៈវប្បធម៌។ លោកសង្កត់ធ្ងន់ថា តាមរយៈសៀវភៅនេះ វានឹងជួយកែប្រែការយល់ខុស ឬការភាន់ច្រឡំនានារបស់បរទេសមកលើកម្ពុជាក្រោមរូបភាពផ្សេងៗ ព្រោះអ្វីដែលលោកបានឃើញផ្ទាល់ គឺ «កម្ពុជាស្រស់ស្អាតណាស់ ហើយពលរដ្ឋកម្ពុជាគឺល្អខ្លាំងណាស់»។
សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាវេទិកាការទូតដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាឱកាសមាសសម្រាប់កម្ពុជាក្នុងការប្រើប្រាស់សៀវភៅនេះ ជាស្ពានចម្លងកិត្យានុភាព និងភាពទាក់ទាញពិតប្រាកដរបស់កម្ពុជាទៅកាន់ពិភពលោក៕
ដោយ៖ ម៉ាដេប៉ូ
រូបភាព៖សួង ពិសិដ្ឋ








