អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឆ្លើយតបនាយករដ្ឋមន្រ្តីថៃរឿងប្រកាសបន្តបិទព្រំដែនជាមួយខ្មែរ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា កម្ពុជានៅរក្សាជំហរដដែល គឺមិនស្នើបើកច្រកព្រំដែនជាមួយថៃឡើងវិញឡើយ ព្រោះការបិទព្រំដែននេះមិនមែនជាគំនិតផ្តួចផ្តើមរបស់កម្ពុជាទេ។
ការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានេះ គឺឆ្លើយតបក្រោយពីលោក អានុទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) នាយករដ្ឋមន្រ្តីបានថ្លែងកាលពីពេលថ្មីៗនេះថា ប្រទេសថៃមិនមានផែនការបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ឬស្តារទំនាក់ទំនងទ្វេភាគីឱ្យត្រឡប់ទៅកម្រិតដូចមុននោះទេ ដរាបណាបញ្ហាសំខាន់ៗមួយចំនួន រួមមានជម្លោះទឹកដី បទល្មើសឆ្លងដែន និងសន្តិសុខជាតិ មិនទាន់ត្រូវបានដោះស្រាយ។
សម្រាប់លោកបណ្ឌិត គិន ភា អ្នកឃ្លំាមើលសង្គម និងនយោបាយនៅកម្ពុជា និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃពីរឿងបិទបើកព្រំដែន ដោយយកបញ្ហាទឹកដី បទល្មើសឆ្លងដែន និងសន្តិសុខជាតិជាលេសនេះ បានក្លាយទៅជារបៀបវារៈនយោបាយ ដើម្បីគ្រាន់តែការពារតំណែងរដ្ឋាភិបាលរបស់លោកប៉ុណ្ណោះ។
អ្នកជំនាញដដែលនេះ បានគូសបញ្ជាក់ថា ៖ ដើម្បីបន្តជីវិតដើម្បីនិរន្តរភាពរដ្ឋាភិបាលខ្លួនដែលចប់អាណត្តិនឹង គឺមានតែប្រើសន្លឹកបៀព្រំដែននឹងតទៅទៀតទេ អានឹងខ្ញុំគិតថា បញ្ហា៣ដែលគាត់លើកនឹង គឺជាបញ្ហាដែលប្រើប្រាស់ជាឧបករណ៍បន្តជីវិតរដ្ឋាភិបាលរបស់គាត់។
សូមបញ្ជាក់ថា នៅពាក់កណ្តាលឆ្នាំ២០២៥ ពេលកម្ពុជានិងថៃចាប់ផ្តើមមានភាពតាងតឹងខ្លាំងដាក់គ្នានៅតាមព្រំដែន ភាគីថៃបានសម្រេចបិទច្រកព្រំដែនគោកទាំងអស់ជាមួយកម្ពុជាជាឯកតោភាគី ព្រោះចង់ដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា។ ក្រោយភាគីថៃសម្រេចបែបនេះ កម្ពុជាក៏បានបិទតាមក្រោយដែរ ហើយកម្ពុជាក៏មិនដែលនឹកនាស្នើឲ្យថៃបើកច្រកព្រំដែនគោកឡើងវិញឡើយរហូតមកដល់ប្ចុប្បន្ន៕
សេង បារាំង



