ការភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ ភ្នំពេញ-វៀងច័ន្ទន៍ នឹងជួយជំរុញពាណិជ្ជកម្ម​ ការវិនិយោគ និងទេសចរណ៍

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ អែរ កម្ពុជា គ្រោងនឹងបន្តជើងហោះហើរត្រង់ឡើងវិញរវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពង្រឹងការតភ្ជាប់ក្នុងតំបន់អាស៊ាន និងអនុតំបន់មេគង្គ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានសម្តែងនូវការស្វាគមន៍ចំពោះផែនការបន្តជើងហោះហើរត្រង់ឡើងវិញរវាងរាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទន៍ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ។ ការបើកផ្លូវហោះហើរនេះឡើងវិញ ឆ្លុះបញ្ចាំងពីទំនុកចិត្តលើប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការរឹតចំណងទំនាក់ទំនង និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែជិតស្និទ្ធ។

បើតាមអ្នកនាំពាក្យរូបនេះ តាមការគ្រោងទុក សេវាហោះហើរនេះនឹងតភ្ជាប់រវាងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងរាជធានីភ្នំពេញ ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងវៀងច័ន្ទន៍។ ការហោះហើរនឹងប្រព្រឹត្តទៅចំនួន ៣ជើងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដោយប្រើប្រាស់យន្តហោះប្រភេទ COMAC C909។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការបើកជើងហោះហើរត្រង់ឡើងវិញនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកដំណើរ ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ និងពង្រីកជម្រើសសម្រាប់ការធ្វើដំណើរកម្សាន្ត ធុរកិច្ច និងទេសចរណ៍។ បន្ថែមពីនេះ វានឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ស្របតាមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងអនុតំបន់មេគង្គ ព្រមទាំងរួមចំណែកលើកកម្ពស់អាកាសយានដ្ឋានអន្តរជាតិតេជោ ឱ្យក្លាយជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវអាកាសដ៏សំខាន់មួយក្នុងតំបន់។

ប្រភពដដែល បានបញ្ជាក់ទៀតថា រាល់ប្រតិបត្តិការហោះហើរទាំងអស់នឹងត្រូវអនុវត្តយ៉ាងម៉ត់ចត់ទៅតាមច្បាប់អាកាសចរស៊ីវិលកម្ពុជា និងស្តង់ដារអន្តរជាតិរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងចីរភាព។

គួររំលឹកផងដែរថា ក្រុមហ៊ុនជាតិ ទើបតែទទួលបានការទទួលស្គាល់កម្រិតផ្កាយ ៤ ពីស្ថាប័ន Skytrax កាលពីចុងខែតុលា ឆ្នាំ២០២៦ កន្លងទៅ លើគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ច។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងបន្តផែនការធ្វើទំនើបកម្ម និងពង្រីកសេវាអាកាសចរណ៍ ជាមួយយន្តហោះថ្មីៗដូចជា COMAC C909 និង Boeing 737 MAX ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន និងពង្រីកបណ្តាញហោះហើរអន្តរជាតិឱ្យកាន់តែទូលំទូលាយ៕

ទួន សុផល

ads banner