បេតិកភណ្ឌរូបីកម្ពុជាជាង១០ទៀតត្រៀមស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក

ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ថា បេតិកភណ្ឌរូបីកម្ពុជាជាង ១០ទៀត ស្ថិតក្នុងបញ្ជីបម្រុងត្រៀមស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

អ្នកនាំពាក្យក្រសួងវប្បធម៌បញ្ជាក់ថា បេតិកភណ្ឌរូបីកម្ពុជាទាំងនេះ មានដូចជាប្រាសាទបន្ទាយឆ្មានៅខេត្តបន្ទាយមានជ័យ រមណីយដ្ឋានបុរាណវិទ្យា និងធម្មជាតិភ្នំគូលែន និងប្រាសាទបេងមាលា ស្ថិតក្នុងខេត្តសៀមរាប រមណីយដ្ឋានភ្នំដា ស្ថិតនៅខេត្តតាកែវ ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកំពង់ស្ពឺ និងអតីតព្រះបរមរាជវាំងក្នុងសម័យលង្វែកជាដើម។

ឯកឧត្តម ស៊ុំ ម៉ាប់ បានគូសបញ្ជាក់ថា ក្នុងចំណោមបេតិកភណ្ឌរូបីកម្ពុជាទាំងជាង១០នេះ មានមួយ​ចំនួនអាចនឹងរៀបចំឯកសារចប់ដើម្បីដាក់ស្នើសុំចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភលោកឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា បេតិកភណ្ឌរូបីរបស់កម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូមាន រមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានប្រាសាទកោះកែរ និងទីតាំងឧក្រិដ្ឋកម្មដែលបានក្លាយជាបូជនីយដ្ឋាននៃការចងចាំនៃកម្ពុជា។ ចំណែកបេតិកភណ្ឌអរូបីវិញមាន របាំព្រះរាជទ្រព្យ ល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្ដែត គុនល្បុក្កតោ និងក្រមាខ្មែរ៕

សេង បារាំង AMS

ads banner