ក្រសួងអប់រំដាក់ចេញយុទ្ធសាស្ត្រគន្លឹះ ដើម្បីបន្តពង្រឹងគុណភាពអប់រំ និងជំរុញកំណែទម្រង់សាលារៀន

ក្នុងពិធីបើកបវេសនកាល នៅថ្ងៃទី១ វិច្ឆិកា ឯកឧត្តម ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ថា ការបញ្ចប់ឆ្នាំសិក្សា២០២៥-២០២៦ ប្រកបដោយលទ្ធផលល្អប្រសើរ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈអត្រាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ៩៥% និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិជ្ជាជីវៈកម្រិត៣ ចំនួន ៨៤% ក្នុងនោះមានសិស្សទទួលបាននិទ្ទេស A ចំនួន ២ ០៤៤នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញយុទ្ធសាស្ត្រ និងការអនុវត្តកម្មវិធីសំខាន់ៗ ដើម្បីបន្តគាំទ្រ និងជំរុញកំណែទម្រង់វិស័យអប់រំឱ្យកាន់តែស៊ីជម្រៅ ​។ ជាដំបូង ក្រសួងបានដាក់ចេញនូវការពង្រឹងស្ដង់ដាសាលារៀន និងម៉ោងសិក្សា ដោយបន្តជំរុញការកែទម្រង់ចាប់ពីកម្រិតមត្តេយ្យដល់មធ្យមសិក្សា តាមរយៈគោលការណ៍ សាលារៀនល្អ នាយកល្អ គ្រូល្អ និងបរិស្ថានសាលាល្អ ការអភិវឌ្ឍសមត្ថភាពអាន និងគណិតវិទ្យា ក៏ដូចជាការអប់រំ STEM ភាសាបរទេស និងការពង្រីកម៉ោងសិក្សាពី ៤ ទៅ ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីពង្រឹងចំណេះដឹងមូលដ្ឋានរបស់សិស្ស។

ទន្ទឹមនឹងនេះ ក្រសួងក៏ផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន តាមរយៈការកែលម្អការបណ្ដុះបណ្ដាលនៅគ្រឹះស្ថានគ្រូ ការអនុវត្តគោលនយោបាយគ្រូបង្រៀន និងអភិវឌ្ឍគន្លងអាជីព ដើម្បីធានាថាគ្រូមានចំណេះដឹង និងជំនាញឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន។ ក្រសួងក៏បានរៀបចំការតម្រង់ទិសអាជីព និងការអប់រំបច្ចេកទេស ដោយពង្រឹងការតម្រង់ទិសអាជីពចាប់ពីថ្នាក់ទី៧ ជំរុញការអប់រំបច្ចេកទេស និងវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ និងរៀបចំមុខវិជ្ជាវិទ្យាសាស្ត្រ និងសង្គមនៅថ្នាក់ទី១១ ឱ្យស្របតាមសក្ដានុពលសិស្ស។

បន្ថែមពីលើនេះ ក្រសួងបានជំរុញបរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិត តាមរយៈការពង្រីកប្រព័ន្ធសិក្សាឌីជីថលនៅបឋមសិក្សា ការអភិវឌ្ឍវេទិកាអប់រំពីចម្ងាយនៅមធ្យមសិក្សា និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ។ ថ្នាក់ដឹកនាំក៏បានយកចិត្តទុកដាក់លើការកែលម្អបរិស្ថានសាលារៀន និងសុខុមាលភាព ដោយកសាងសាលារៀនឱ្យមានអនាម័យ សុវត្ថិភាព បៃតង ព្រមទាំងការពង្រឹងកម្មវិធីអាហារូបត្ថម្ភ សុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការលក់ភេសជ្ជៈប៉ូវកម្លាំង ឬអាហារប៉ះពាល់សុខភាពសិស្សានុសិស្ស។

ចំពោះការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការបង្ការទប់ស្កាត់គ្រឿងញៀន ក្រសួងបានរៀបចំវិធានការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅសាលារៀន ព្រមទាំងបន្តផ្សព្វផ្សាយអប់រំ និងហាមឃាត់ដាច់ខាតការប្រើប្រាស់គ្រឿងញៀន ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកក្នុងបរិវេណសាលា។

លើសពីនេះទៀត ក្រសួងអប់រំ បានជំរុញការពង្រឹងវិន័យ សីលធម៌ និងកីឡាសាលារៀន តាមរយៈការអនុវត្តវិន័យវិជ្ជមាន គោលការណ៍ នាយកមកមុនគ្រូ គ្រូមកមុនសិស្ស ព្រមទាំងការពង្រឹងការអប់រំកាយ និងកីឡា ក្រោមពាក្យស្លោក សិស្សម្នាក់ កីឡាមួយប្រភេទ និង យុវជនម្នាក់ លេងកីឡាមួយប្រភេទពេញមួយជីវិត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ​បានអំពាវនាវដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធ និងមាតាបិតាអាណាព្យាបាលទាំងអស់ បន្តចូលរួមសហការយ៉ាងសកម្ម ដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំកម្ពុជា ធានាឱ្យកូនចៅទទួលបានការអប់រំមានគុណភាព និងក្លាយជាធនធានមនុស្សដ៏មានតម្លៃក្នុងការអភិវឌ្ឍជាតិមាតុភូមិ៕

ទួន សុផល

ads banner