លោក ត្រាំ ថា ទីតាំងវាយអ៊ីរ៉ង់ នៅសល់ ១ ឬ ២កន្លែងទៀតប៉ុណ្ណោះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានបំផ្លាញកម្លាំងយោធាភាគច្រើនរបស់អ៊ីរ៉ង់រួចហើយ ប៉ុន្តែ នៅមានសេសសល់ គោលដៅមួយ ឬ ពីរកន្លែងទៀតប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯលំនៅឋានរបស់លោក ក្នុងរដ្ឋផ្លរីដា, លោក ដូណាល់ ត្រាំ បានលើកឡើងថា ការចរចាជាមួយអ៊ីរ៉ង់ដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីខែកុម្ភៈនោះ គឺ ដំណើរការទៅដោយល្អ។

ក្នុងន័យនេះ, លោកអះអាងថា សហរដ្ឋអាមេរិកមិនមានភាពប្រញាប់ប្រញាល់ក្នុងការបើកការវាយប្រហារនោះទេ ដោយសារតែខ្លួនបានបំផ្លាញកម្លាំងយោធា និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ស្ទើរតែទាំងស្រុងរួចទៅហើយ។

លោករៀបរាប់ទៀតថា «យើងបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់ពួកគេហើយ។ យើងនៅសល់គោលដៅមួយ ឬពីរទៀតដែលត្រូវដោះស្រាយ ប៉ុន្តែយើងអាចធ្វើវាបានក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ»។

លោកបានបន្ថែម ដោយសំដៅទៅលើទីតាំងមួយដែលគេសង្ស័យថា ជាកន្លែងនុយក្លេអ៊ែរក្រោមដី គឺភ្នំ Pickaxe ដោយបន្ថែមថា «យើងអាចធ្វើកិច្ចការទាំងអស់នោះបានយ៉ាងឆាប់រហ័ស»។

យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ង់បានបដិសេធថា មិនមានសកម្មភាពទាក់ទងនឹងនុយក្លេអ៊ែរណាមួយត្រូវបានធ្វើឡើងនៅទីនោះទេ។

ជាមួយគ្នានេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei
កាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា បានចេញមុខប្រកាសព្រមានវាយប្រហារសងសឹកភ្លាមៗ ដោយគ្មានកំណត់តំបន់ ប្រសិនបើអាមេរិក និងអ៊ីស្រាអែល ហ៊ានតែបើកការវាយប្រហារ បង្កសង្គ្រាមជុំថ្មី ប្រឆាំងមកលើប្រទេសរបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner