កូរ៉េខាងជើងតេស្តក្បាលគ្រាប់បែកចង្កោម អាចបំផ្លាញទីតាំងទំហំ១៣ហិកតាក្លាយជាផេះភ្លាមៗ
ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានធ្វើតេស្តបាញ់ក្បាលគ្រាប់បែកចង្កោម ដោយអួតអាងថា គ្រាប់បែកប្រភេទថ្មីនេះ អាចបំផ្លាញទីតាំងសត្រូវទំហំ ១៣ហិកតា ឱ្យក្លាយទៅជាផេះភ្លាមៗ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA កាលពីថ្ងៃអាទិត្យ។
ការធ្វើតេស្តនេះបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ពោលគឺបន្ទាប់ពីកូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ បានសាកល្បងអាវុធជាច្រើនប្រភេទ នាពេលថ្មីៗនេះ រួមមាន យន្តហោះដ្រូនវាយប្រហារ, ប្រព័ន្ធគ្រាប់បាញ់ក្នុងទឹក ឬ torpedo ថ្មី ដែលមានភាពជាក់លាក់ខ្ពស់ និងមីស៊ីលល្បឿនលឿនជាងសំឡេង ឬ hypersonic missile ក្នុងរយៈចម្ងាយមធ្យម។
ព្រឹត្តិការណ៍នេះក៏បានកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានហេតុការណ៍ផ្ទុះមីននៅតាមបណ្តោយព្រំដែនដែលមានការការពារយ៉ាងតឹងរ៉ឹងរវាងកូរ៉េទាំងពីរ ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់រងរបួស។
តែ កូរ៉េខាងជើងបានបដិសេធការទទួលខុសត្រូវ ហើយបានប្តេជ្ញាពង្រឹងតំបន់ព្រំដែនរបស់ខ្លួនបន្ថែមទៀត ព្រមទាំងនឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយតាមរយៈឧបករណ៍បំពងសំឡេងឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ការធ្វើតេស្តកាលពីថ្ងៃសៅរ៍ គឺធ្វើឡើងដើម្បី «វាយតម្លៃសមត្ថភាពសម្របខ្លួនទៅនឹងការប្រយុទ្ធ និងកម្លាំងបំផ្លិចបំផ្លាញនៃក្បាលគ្រាប់បែកចង្កោម ដែលនឹងត្រូវបំពាក់នៅលើមីស៊ីលផ្លោងយុទ្ធសាស្ត្រ»។
មន្ត្រីនានាបានលើកឡើងថា ការធ្វើតេស្តនេះបានបញ្ជាក់ថា អាវុធនេះ «មានសមត្ថភាពដុតបំផ្លាញតំបន់គោលដៅទំហំពី ១២ ទៅ ១៣ ហិកតា ឱ្យក្លាយទៅជាផេះ ដោយសារកម្លាំងបំផ្លិចបំផ្លាញដ៏ខ្លាំងក្លារបស់វា»។
អគ្គនាយកនៃរដ្ឋបាលមីស៊ីលរបស់កូរ៉េខាងជើងបាននិយាយថា «នៅក្នុងឆ្នាំនេះ យើងនឹងអនុញ្ញាតឱ្យអង្គភាពនានាជ្រើសរើស និងប្រើប្រាស់អាវុធប្រភេទទាំងនោះ ស្របតាមគោលដៅប្រតិបត្តិការ និងលក្ខណៈជាក់លាក់នៃគោលដៅនីមួយៗ»។
រូបភាពដែលចេញផ្សាយដោយ KCNA បានបង្ហាញពីការបាញ់គ្រាប់ចេញពីឧបករណ៍បាញ់ចល័តមួយ ដោយមានផ្សែងពណ៌ទឹកក្រូចចេញមកពីខាងក្រោយ។ រូបភាពមួយទៀតបានបង្ហាញពីផលប៉ះពាល់នៃការធ្លាក់គ្រាប់បែកចង្កោមជាច្រើនគ្រាប់ ទៅលើគោលដៅមួយនៅលើកោះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត