ក្រុមហ៊ុន និងធនាគារលោកខាងលិច ជួយលុយ កូរ៉េខាងជើង ផលិតគ្រាប់បែកនុយក្លេអ៊ែរ ដោយមិនដឹងខ្លួន

ឡុងដ៍ ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយ ក្រុមហ៊ុន និងធនាគារនៅអង់គ្លេស ដែលជាប្រទេសស្ថិតក្នុងប្លុកលោកខាងលិច ត្រូវបានរកឃើញថា កំពុងចូលរួមផ្តល់ថវិកាឲ្យកូរ៉េខាងជើង យកទៅផលិតគ្រាប់បែកនុយក្លេអ៊ែរ។ នេះបើតាមការស៊ើបអង្កេត របស់កាសែត The Telegraph ចេញផ្សាយកាលពីថ្ងៃអាទិត្យ។

ការស៊ើបអង្កេតរបស់សារព័ត៌មានអង់គ្លេសមួយនេះ បានបង្ហាញថា សហគ្រាសទាំងនោះ កំពុងផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ដោយមិនដឹងខ្លួន តាមរយៈការជួលបុគ្គលិកធ្វើការពីចម្ងាយបែបក្លែងក្លាយ ។

ភ្នាក់ងារកូរ៉េខាងជើងប្រមាណ ១០ ម៉ឺននាក់ បានបន្លំខ្លួនជាបុគ្គលិកស្របច្បាប់ ដោយដាក់ពាក្យសុំធ្វើការក្នុងក្រុមហ៊ុនជាច្រើន ក្នុងពេលតែមួយ ដើម្បីប្រព្រឹត្តសកម្មភាពបោកបញ្ឆោតនេះ ។ នៅពេលទទួលបានការងារ, ពួកគេបានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីជួយសម្រេចផែនការដ៏ច្រើនយ៉ាងរហ័ស ។

ចំណែកប្រាក់បៀវត្សរ៍ដែលទទួលបាន ត្រូវបញ្ជូនទៅរដ្ឋអំណាចកូរ៉េខាងជើង ដើម្បីទ្រទ្រង់កម្មវិធីអភិវឌ្ឍន៍មីស៊ីល និងអាវុធនុយក្លេអ៊ែរ ។

ប្រភពបន្តទៀតថា ប្រតិបត្តិការសម្ងាត់នេះត្រូវបានសម្របសម្រួលដោយជនជាតិអង់គ្លេសមួយចំនួន ដែលជួយសម្រួលការងារ និងចាត់ទុកបុគ្គលទាំងនោះជាបុគ្គលិកស្របច្បាប់ ដោយមិនបានដឹងពីប្រភពពិតប្រាកដ ។

បើតាម The Telegraph, ស្ថាប័នដែលរងការកំណត់គោលដៅ ថា បានផ្តល់លុយឲ្យ កូរ៉េខាងជើង ផលិតគ្រាប់បែកនុយក្លេអ៊ែរ មិនដឹងខ្លួននោះ រួមមាន ធនាគារ, ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋរបស់អង់គ្លេស ។

ទោះបីជាកន្លងមក កូរ៉េខាងជើងផ្តោតគោលដៅ លើក្រុមហ៊ុនអាមេរិកក៏ដោយ, បច្ចុប្បន្ន ពួកគេបានងាកមកពង្រីកប្រតិបត្តិការយ៉ាងខ្លាំងនៅចក្រភពអង់គ្លេស។

ជាក់ស្តែង លោក Sir Iain Duncan Smith សមាជិកសភាអង់គ្លេស ផ្តោតលើកិច្ចការកូរ៉េខាងជើង បានចេញមុខព្រមានថា អង់គ្លេសបានក្លាយជា «ចំណុចខ្សោយបំផុត នៅក្នុងពិភពសាយប័រ» ហើយក្រុមភ្នាក់ងារទាំងនោះប្រើប្រាស់អង់គ្លេសជាឈ្នាន់ ដើម្បីជ្រៀតចូលទៅក្នុងសហរដ្ឋអាមេរិក ។

ព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីកូរ៉េខាងជើងត្រូវបានចោទប្រកាន់ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ជុំវិញករណីលួចប្រាក់ ៦ ពាន់ ២០០ លានដុល្លារ ពីក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ ដែលជាអំពើលួចតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ ៕

ប្រភព ៖ The Telegraph, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner