រុស្ស៊ី បាញ់មីស៊ីល ២៣០ គ្រាប់ និងយន្តហោះដ្រូនជាង ៤,០០០ គ្រឿង វាយប្រហារ អ៊ុយក្រែន ខែមុន
កៀវ ៖ កងកម្លាំងរុស្ស៊ីបានបាញ់យន្តហោះដ្រូនបំពាក់ម៉ាស៊ីនប្រតិកម្មល្បឿនលឿនជាង ៤.០០០ គ្រឿង មីស៊ីលផ្លោងជិត ១៥០ គ្រាប់ និងមីស៊ីលនាំផ្លូវចំនួន ៨០ គ្រាប់ ដើម្បីវាយប្រហារអ៊ុយក្រែនក្នុងអំឡុងខែតុលា ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat កាលពីថ្ងៃ ចន្ទ ។
លោក Ihnat បានឱ្យដឹងក្នុងបទសម្ភាសន៍ចាក់ផ្សាយទូទាំងប្រទេសថា ក្នុងខែតុលា កងកម្លាំងរុស្ស៊ីបានដាក់ពង្រាយមីស៊ីលនាំផ្លូវម៉ាក Banderol/Dan-T ប្រមាណ ៣៦០ គ្រាប់ យន្តហោះដ្រូនចំនួន ៤.៧៤០ គ្រឿង ក្នុងនោះរួមមានដ្រូន Shahed, Gerbera និង Parodiya ព្រមទាំងដ្រូនបំពាក់ម៉ាស៊ីនល្បឿនលឿនជាង ៤.០០០ គ្រឿង ។
ទន្ទឹមគ្នា កងកម្លាំងរុស្ស៊ីក៏បានបាញ់មីស៊ីលផ្លោងប្រមាណ ១៥០ គ្រាប់ និងមីស៊ីលនាំផ្លូវចំនួន ៨០ គ្រាប់ វាយប្រហារលើគោលដៅនានានៅក្នុងទឹកដីអ៊ុយក្រែនផងដែរ ។
អ្នកនាំពាក្យរូបនេះអះអាងថា មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូនមួយចំនួនធំរបស់រុស្ស៊ី ត្រូវបានសំណាញ់មេឃរបស់អ៊ុយក្រែនស្ទាក់ចាប់ និងបាញ់កម្ទេច ដោយលោកបានសរសើរចំពោះសមត្ថភាពប្រតិបត្តិការរបស់កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន ។
យ៉ាងណា លោកបានទទួលស្គាល់ថា សមត្ថភាពទប់ទល់នឹងការវាយប្រហារដោយមីស៊ីលផ្លោងនៅតែជាបញ្ហាប្រឈម ដោយអ៊ុយក្រែនកំពុងជួបប្រទះកង្វះខាតមីស៊ីលស្ទាក់ចាប់ PAC-3 របស់សំណាញ់មេឃ Patriot ជាបន្ទាន់ ។
ការអះអាងនេះ កើតឡើងក្រោយអាមេរិកបានអនុម័តលក់មីស៊ីលស្ទាក់ចាប់ PAC-3 MSE ចំនួន ៥០០ គ្រាប់ទៅឱ្យអ៊ុយក្រែន កាលពីថ្ងៃទី៣០ ខែតុលា ក្នុងតម្លៃសរុបប្រមាណ ២,១ ពាន់លានដុល្លារ ក្រោមហិរញ្ញប្បទានដោយប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវែស ។ ជាមួយគ្នានេះ អ្នកជំនាញរំពឹងថា ការប្រគល់មីស៊ីលស្ទាក់ចាប់ PAC-3 ទាំង ៥០០ គ្រាប់ទៅឱ្យអ៊ុយក្រែន នឹងមិនអាចកើតឡើងមុនឆ្នាំ ២០៣០ នោះទេ ៕
ប្រភព ៖ The New Voice of Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

