ជំនួបត្រីភាគីអាមេរិក-អ៊ុយក្រែន-រុស្ស៊ី បិទបញ្ចប់សង្គ្រាម រៀបចំធ្វើ សប្តាហ៍ក្រោយ
វ៉ាស៊ីនតោន ៖ លោក Steve Witkoff តំណាងសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោននឹងរៀបចំឱ្យមានជំនួបរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម នាថ្ងៃទី ១០-១១ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម, កិច្ចព្រមព្រៀងសន្តិសុខក្រោយសង្គ្រាម និងការកាត់បន្ថយភាពតានតឹង។
នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម, លោក Witkoff បានឱ្យដឹងថា កិច្ចពិភាក្សាថ្មីនៅទីក្រុងអាប៊ូដាប៊ី នឹងគ្របដណ្តប់លើប្រធានបទដូចជា “កិច្ចព្រមព្រៀងសន្តិសុខក្រោយសង្គ្រាម, ការកាត់បន្ថយភាពតានតឹង, វិធានការមនុស្សធម៌ និងការបញ្ចប់សង្គ្រាម”។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Witkoff និងលោក Jared Kushner ដែលជាអ្នកចរចាឈានមុខរបស់សហរដ្ឋអាមេរិក នឹងតំណាងឱ្យភាគីអាមេរិកនៅក្នុងកិច្ចប្រជុំ នៅទីក្រុងអាប៊ូដាប៊ី។
បើតាម Reuters, ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរកចំណុចរបត់មួយនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ មុនពេលរដូវរងាចូលមកដល់។ កិច្ចចរចាសន្តិភាពលើកចុងក្រោយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានធ្វើឡើងកាលពីខែកុម្ភៈ មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានយល់ព្រមចូលរួមក្នុងកិច្ចចរចាត្រីភាគីជុំថ្មីមួយ បន្ទាប់ពីបានជួបជាមួយលោក Witkoff នៅទីក្រុងសាំងពេទឺស្ប៊ឺគ (St Petersburg) កាលពីពីរសប្តាហ៍មុន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ជម្លោះដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
យ៉ាងណាមិញ អ៊ុយក្រែន និងរុស្ស៊ី នៅតែមានជំហរខុសគ្នាឆ្ងាយណាស់ ទាក់ទងនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន ទោះបីជាថ្មីៗនេះ លោក ត្រាំ បានបង្កើនសម្ពាធលើអ៊ុយក្រែនឱ្យឈានទៅរកកិច្ចព្រមព្រៀងណាមួយក៏ដោយ៕
ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត
