នាយករដ្ឋមន្រ្តី ជំរុញឱ្យសិស្សានុសិស្សបន្តទម្លាប់អានសៀវភៅលើក្រដាស ជាជាងពឹងផ្អែកលើប្រព័ន្ធឌីជីថលទាំងស្រុង


សម្តេចនាយករដ្ឋមន្រ្តី បានជំរុញឱ្យសិស្សានុសិស្សបន្តទម្លាប់អានសៀវភៅលើក្រដាស ជាជាងពឹងផ្អែកលើប្រព័ន្ធឌីជីថល ដើម្បីពង្រឹងការផ្ដោតអារម្មណ៍ គំនិតច្នៃប្រឌិត និងសមត្ថភាពស្រាវជ្រាវ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ និងជំរុញឱ្យសិស្សានុសិស្សបង្កើនការអានសៀវភៅលើក្រដាសជាជាងការអានតាមប្រព័ន្ធឌីជីថល ដោយសារការអានលើក្រដាសជួយឱ្យមានការផ្តោតអារម្មណ៍បានល្អ ជួយបង្កើនគំនិតច្នៃប្រឌិត និងពង្រឹងសមត្ថភាពស្រាវជ្រាវ ស្របពេលដែលរាជរដ្ឋាភិបាលនៅតែចាត់ទុកការអានសៀវភៅជាគ្រឹះយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ក្នុងខេត្តកំពង់ធំ នាថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចបានគូសបញ្ជាក់ថា ការអានសៀវភៅលើក្រដាសមានការផ្ចិតផ្ចង់ និងផ្តោតអារម្មណ៍បានខ្ពស់ ខុសពីការអានតាមឌីជីថល ដែលងាយនឹងធ្វើឱ្យបែកអារម្មណ៍។ លើសពីនេះ ការអានលើអ៊ីនធឺណិតក៏អាចប៉ះពាល់ដល់ភ្នែក និងកាត់បន្ថយសមត្ថភាពចងចាំ ព្រមទាំងធ្វើឱ្យការអាន និងការស្រាវជ្រាវរបស់សិស្សមានការធ្លាក់ចុះយ៉ាងខ្លាំង។
 
សម្តេចធិបតីបានរំលេចពីគោលនយោបាយរបស់រាជរដ្ឋាភិបាលថា ការរៀនសូត្រមិនអាចចោលការអានសៀវភៅបានឡើយ ហើយការប្រើប្រាស់សៀវភៅឌីជីថលគួរតែធ្វើឡើងក្នុងកម្រិតបន្តិចបន្តួចបានហើយ ដោយមិនត្រូវបោះបង់សៀវភៅក្រដាសចោលនោះទេ ព្រោះប្រសិនបើពឹងផ្អែកតែលើឌីជីថល នៅពេលមានបញ្ហាបច្ចេកវិទ្យា ឬអ៊ីនធឺណិតគាំង នោះនឹងត្រូវបាត់បង់អ្វីៗទាំងអស់។
 
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីបទពិសោធន៍របស់ប្រទេសស៊ុយអែត ដែលធ្លាប់ជាប្រទេសមុខគេក្នុងការប្តូរទៅរៀនតាមឌីជីថលទាំងស្រុង ប៉ុន្តែត្រូវប្រឈមបញ្ហាជាច្រើន រហូតបច្ចុប្បន្នត្រូវចំណាយថវិការាប់លានអឺរ៉ូបោះពុម្ពសៀវភៅឱ្យសិស្សអានឡើងវិញ។ បើតាមសម្តេចនាយករដ្ឋមន្រ្តី កម្ពុជាត្រូវរៀនសូត្រពីបទពិសោធន៍ និងការរីកចម្រើនរបស់គេ ប៉ុន្តែត្រូវថ្លឹងថ្លែងពីផលប៉ះពាល់ឱ្យបានច្បាស់លាស់។
 
ប្រមុខដឹកនាំរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា ការកសាងធនធានមនុស្ស គឺមានសារសំខាន់បំផុតនៅគ្រប់កម្រិតសិក្សាទាំងអស់ ចាប់តាំងពីថ្នាក់តូចរហូតដល់ថ្នាក់ធំ ដើម្បីធានាបាននូវការអភិវឌ្ឍសមត្ថភាពប្រកបដោយគុណភាព និងចីរភាព៕ ទួន សុផល

ads banner