កម្ពុជាពង្រឹងការទូតសេដ្ឋកិច្ច ដើម្បីទាក់ទាញវិនិយោគិន
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តដល់មន្ត្រីការទូតកម្ពុជា ឱ្យបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីទាញយកអត្ថប្រយោជន៍ពីកាលានុវត្តភាពថ្មីៗ មករួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា មន្ត្រីការទូតត្រូវតែយល់ដឹងពីគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា មកបណ្ដាក់ទុននៅកម្ពុជា ប៉ុន្តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ ។ ការយល់ដឹងបន្ថែមពីវិស័យអាទិភាពរបស់ជាតិ គឺជារឿងចាំបាច់ ។
ឯកឧត្ដម ប្រាក់ សុខុន ថ្លែងបែបនេះ ក្នុងសិក្ខាសាលាស្ដីពី «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្ត្រីការទូត» កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការបរទេស ប្រធានស្ថានតំណាងកម្ពុជានៅបរទេស មន្ត្រីការទូត ព្រមទាំងតំណាងមកពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ២៥០ រូប ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ផងដែរពីតួនាទីដ៏សំខាន់ នៃយន្តការលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគ ការពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងផ្សព្វផ្សាយប្រទេសកម្ពុជា ឱ្យក្លាយជាគោលដៅទាក់ទាញសម្រាប់ធុរកិច្ចអន្តរជាតិ និងភ្ញៀវទេសចរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កម្ពុជាមានប្រៀបផ្នែកសេដ្ឋកិច្ចច្រើន បូករួមនឹងស្ថានភាពភូមិសាស្ត្រអំណោយផលទៅលើវិស័យសំខាន់ៗដូចជា ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងសេវាកម្មជាដើម ដែលមន្ត្រីការទូតអាចលើកឡើងជូនទៅវិនិយោគិនបរទេស។
រដ្ឋមន្ត្រីការបរទេសរូបនេះ បានផ្ដល់នូវអនុសាសន៍ គន្លឹះសំខាន់ៗដល់មន្ត្រីការទូត សំដៅស្វែងយល់ពីកាលានុវត្តភាពថ្មីៗដែលកម្ពុជា អាចទាក់ទាញវិនិយោគិនបរទេសមកបោះទុនវិនិយោគបន្ថែម ។ ក្រៅពីការស្វែងយល់ពីគោលនយោបាយក្នុងស្រុក មន្ត្រីការទូតក៏ត្រូវស្វែងយល់ពីគោលនយោបាយសេដ្ឋកិច្ច និងស្ថានភាពទីផ្សារជាសកល សំដៅធ្វើពិពិធកម្មប្រភពកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ



