កូរ៉េខាងជើង សាកល្បងក្បាលគ្រាប់មានកម្លាំងផ្ទុះមហិមា ដែលអាចកម្ទេចគោលដៅឱ្យក្លាយជាផេះក្នុងរង្វង់ផ្ទៃដី ៦ ហិកតា

ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានសាកល្បងក្បាលគ្រាប់ដែលបំពាក់លើមីស៊ីលនាំផ្លូវយុទ្ធសាស្រ្ត ដោយកម្លាំងផ្ទុះដ៏មហិមារបស់វា អាចមានសមត្ថភាពកម្ទេចគោលដៅសត្រូវឱ្យក្លាយជាផេះក្នុងរង្វង់ផ្ទៃដីពី ៥ ទៅ ៦ ហិកតា នេះបើតាមកាសែតរដ្ឋកូរ៉េ KCNA ចេញផ្សាយថ្ងៃ អង្គារ ។

កាសែតដដែលបញ្ជាក់ថា ក្បាលគ្រាប់នេះ ត្រូវបានរដ្ឋបាលមីស៊ីលកូរ៉េខាងជើងចាត់ទុកថា “ប្រព័ន្ធអាវុធដ៏សំខាន់” ហើយការធ្វើតេស្តនេះ មានគោលបំណងវាយតម្លៃអានុភាពរបស់ក្បាលគ្រាប់ និងលក្ខណៈបច្ចេកទេសនៃការហោះហើររបស់វា សម្រាប់ការវាយប្រហារចុះពីលើអាកាសតាមទិសបញ្ឈរ ។

បើតាមវិទ្យាស្ថានប្រព័ន្ធមីស៊ីលនាំផ្លូវ នៃរដ្ឋបាលមីស៊ីលកូរ៉េខាងជើង, ខ្លួនបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រព័ន្ធសព្វាវុធនេះ ក្នុងការវាយប្រហារចុះពីលើអាកាសតាមទិសបញ្ឈរ តាមរយៈការកែលម្អសមត្ថភាពបត់បែន និងធ្វើចលនានៅដំណាក់កាលចុងក្រោយ នៃការហោះហើររបស់មីស៊ីលនាំផ្លូវ ដោយគិតគូរពីលក្ខណៈធម្មជាតិ និងភូមិសាស្ត្រនៃតំបន់គោលដៅ ។

ចំណែកអគ្គនាយករដ្ឋបាលមីស៊ីលបានចាត់ទុកការសាកល្បងក្បាលគ្រាប់ដែលបំពាក់លើមីស៊ីលនាំផ្លូវយុទ្ធសាស្រ្ត កាលពីថ្ងៃ ចន្ទ ថា ជាផ្នែកមួយនៃការស្រាវជ្រាវវិទ្យាសាស្ត្រជាប្រចាំ ដើម្បីបង្កើនអានុភាពនៃប្រព័ន្ធប្រយុទ្ធ ។

គួរបញ្ជាក់ថា ការធ្វើតេស្តនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងទើបតែបានបាញ់សាកល្បងក្បាលគ្រាប់បែកចង្កោមប្រភេទ “Standard Type 2” សម្រាប់បំពាក់លើមីស៊ីលផ្លោងយុទ្ធសាស្ត្រកាលពីថ្ងៃទី៣១ ខែតុលា ។

ប្រភពរាយការណ៍ថា ក្បាលគ្រាប់បែកចង្កោមនោះ អាចបំផ្លាញផ្ទៃដីពី ១២ ទៅ ១៣ ហិកតា ខណៈដែលការសាកល្បងអាវុធជាបន្តបន្ទាប់របស់កូរ៉េខាងជើងនេះ បានធ្វើឱ្យស្ថានការណ៍សន្តិសុខនៅលើឧបទ្វីបកូរ៉េកាន់តែមានភាពផុយស្រួយខ្លាំងឡើង ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner