កម្ពុជាអំពាវនាវ បណ្តាប្រទេសដៃគូ អភិវឌ្ឍន៍ បន្តគាំទ្រ ការបោសសម្អាតគ្រាប់មីនបន្សល់ពីសង្គ្រាម
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាន អំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សហគមន៍ផ្តល់ជំនួយ ប្រតិបត្តិករសកម្មភាពមីន វិស័យឯកជន និងក្រសួង-ស្ថាប័នជាតិ បន្តគាំទ្រ ដល់បេសកកម្ម បោសសម្អាតគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ពីសង្គ្រាមអតីតកាល និងផលប៉ះពាល់ថ្មីពីជម្លោះព្រំដែនឆ្នាំ២០២៥។
ឯកឧត្តម លី ធុជ បានថ្លែងសារអំពាវនាវនេះនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើវិស័យមីន ក្រោមប្រធានបទ រួមគ្នាដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងការគំរាមកំហែងថ្មីៗ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ឯកឧត្តម បានរំលឹកពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាង៣០ឆ្នាំ្កកន្លងទៅ។ ជាក់ស្តែង កម្ពុជាបានរំដោះផ្ទៃដីជាង ៣ ៦០០ គីឡូម៉ែត្រក្រឡា ពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះ ផ្ទៃដីប្រមាណ ៧៥% ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ កម្ពុជា នៅសល់ផ្ទៃដី មានគ្រាប់មីន និងសំណល់ ជាតិ ផ្ទុះពីសង្គ្រាមអតីតកាល ចំនួន១ ៦៨៩ គីឡូម៉ែត្រក្រឡាទៀត។
ប៉ុន្តែ ជម្លោះព្រំដែនកម្ពុជា និងថៃ កាលពីឆ្នំា២០២៥ បានបន្សល់ នូវគ្រាប់បែកចង្កោមក្នុងខេត្តជាប់ព្រំដែនជាមួយថៃចំនួន៧ លើផ្ទៃដីជិត ៤០០០គីឡូម៉ែត្រក្រឡាបន្ថែមទៀត ដែល ទំហំ ផលប៉ះពាល់ គឺធំជាងផ្ទៃដីចាស់ដែល នៅសេសសល់ពីសង្គ្រាមអតីតកាល។
ក្នុងន័យនេះ ឯកឧត្តមបានដាក់ចេញសំណើអាទិភាព ៣ដល់ដៃគូពាក់ព័ន្ធ ក្នុងនោះមានការវាយតម្លៃផលប៉ះពាល់ថ្មីៗ និងការបង្កើនការអប់រំប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រាប់មីននៅតាមបណ្តាខេត្តជាប់ព្រំដែន,ការបន្តគាំទ្រការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអតីតកាល ក៏ដូចជាការបង្កើនប្រភពថវិកា និងជំរុញការចូលរួមពីវិស័យឯកជនក្នុងស្រុក ដើម្បីធានានិរន្តរភាពនៃការងារបោសសម្អាតមីន។
ឯកឧត្តម បានលើកឡើងថា ការរំដោះដីពីមីនមិនត្រឹមតែជួយធានាសុវត្ថិភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសសម្រាប់ការធ្វើកសិកម្ម សាងសង់ និងការវិនិយោគផងដែរ។
ឯកឧត្តម លី ធុជ បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាបន្តបញ្ចប់បេសកកម្មទាំងពីរដើម្បីដោះស្រាយបញ្ហាយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ពីអតីតកាល និងឆ្លើយតបចំពោះការគំរាមកំហែងថ្មីៗ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានដីសុវត្ថិភាព និងអនាគតប្រកបដោយសេចក្តីសង្ឃឹម៕
