កម្ពុជា ត្រៀមស្វាគមន៍ភ្ញៀវទេសចរពីប្រទេសអឺរ៉ុប តាមរយៈការបើកជើងហោះហើរត្រង់ពីប្រទេសប៉ូឡូញនៅឆ្នាំ២០២៧
តំណាងក្រុមហ៊ុនទេសចរណ៍ ITAKA របស់ប្រទេសប៉ូឡូញ គ្រោងរៀបចំកញ្ចប់ទេសចរណ៍ និងសេវាកម្មជើងហោះហើរត្រង់ពិសេស (Charter Flight) ពីអឺរ៉ុបមកកាន់ខេត្តព្រះសីហនុ នៅរដូវត្រជាក់ ចាប់ពីខែវិច្ឆិកានេះ ដល់ខែមេសា ឆ្នាំក្រោយ។
គម្រោងនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុន ITAKA ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមហ៊ុន ITAKA គឺជាក្រុមហ៊ុនទេសចរណ៍លេខ១ និងជាភ្នាក់ងាររៀបចំដំណើរកម្សាន្តដ៏ធំឈានមុខគេនៅប្រទេសប៉ូឡូញ ដែលមានបទពិសោធន៍ច្រើនទសវត្សរ៍ និងសេវាកម្មផ្តល់ជូនកញ្ចប់វិស្សមកាលសម្រាកកាយនៅសណ្ឋាគាររាប់ពាន់កន្លែងជុំវិញពិភពលោក កម្មវិធីទស្សនាកម្សាន្តបែបវប្បធម៌ និងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ល្បីៗនៅគ្រប់ទ្វីប។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីស្ថានភាព សក្តានុពល និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ជូនតំណាងក្រុមហ៊ុនទេសចរណ៍ ITAKA និងស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ក្នុងខេត្តព្រះសីហនុ ជាពិសេសវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាព។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា កញ្ចប់ទេសចរណ៍ពីប្រទេសអឺរ៉ុប មកកាន់ខេត្តព្រះសីហនុនេះ មិនត្រឹមតែផ្តោតលើការសម្រាកលំហែនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែនឹងជួយតភ្ជាប់ភ្ញៀវទេសចរទៅកាន់តំបន់កោះសំខាន់ៗ ដូចជា កោះរ៉ុង និងកោះរ៉ុងសន្លឹម ព្រមទាំងអាចបន្តដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត និងបេតិកភណ្ឌវប្បធម៌កម្ពុជា។
លោក ឃាង ភារម្យ បានបញ្ជាក់ថា ការបើកជើងហោះហើរត្រង់ (Direct Charter Flight) នេះ នឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការកាត់បន្ថយពេលវេលា និងការចំណាយលើការធ្វើដំណើរ ដែលជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិកម្រិតខ្ពស់ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តព្រះសីហនុ។ ចំពោះចំនួនជើងហោះហើរជាក់ស្តែង នឹងត្រូវកំណត់ទៅតាមអត្រានៃការកក់ទុក (Booking Rate) របស់អតិថិជន។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដើម្បីនាំភ្ញៀវទេសចរអឺរ៉ុបមកកាន់កម្ពុជា អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។
លោកបន្តថា ការតភ្ជាប់ជើងហោះហើរនេះ អាចជួយទាក់ទាញអ្នកវិនិយោគ បង្កើនការចំណាយរបស់ភ្ញៀវទេសចរ ពិសេសភ្ញៀវដែលមានលទ្ធភាពចំណាយខ្ពស់ និងចូលចិត្តស្នាក់នៅរយៈពេលយូរ។ កត្តាទាំងនេះ ក៏អាចជួយបង្កើនចំណូលដល់អាជីវកម្ម និងប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២លាន៤សែននាក់ ក្នុងនោះ ខេត្តព្រះសីហនុទទួលបានជាង ៣២ម៉ឺននាក់៕
សៅ សុខអេង




