កូរ៉េខាងត្បូង ចាប់ផ្តើមមានទាហានស្លាប់នៅព្រំដែនជាមួយ កូរ៉េខាងជើង

សេអ៊ូល ៖ ទាហានកូរ៉េខាងត្បូងមួយរូបដែលឈរយាមកាមនៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង បានស្លាប់បាត់បង់ជីវិត ស្របពេលភាពតានតឹងរវាងបងប្អូនកូរ៉េទាំងពីរកំពុងតែពុះកញ្ជ្រោលខ្លាំង ។ នេះបើតាមប្រភពពីមន្រ្តីយោធាកូរ៉េខាងត្បូងប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap កាលពីថ្ងៃចន្ទ ។

ប្រភពដដែលបញ្ជាក់ថា ទាហានរូបនេះបានស្លាប់បាត់បង់ជីវិតនៅប៉ុស្តិ៍យោធាមួយកន្លែងស្ថិតក្នុងស្រុក Cheorwon ខេត្ត Gangwon ក្បែរព្រំប្រទល់កូរ៉េខាងជើង ។ មុនពេលស្លាប់បាត់បង់ជីវិត, ទាហានកូរ៉េខាងត្បូងរូបនេះ ត្រូវបានប្រទះឃើញមានឈាមហូរចេញពីក្បាល ខណៈក្រោយមកទាហានរូបនេះបានសន្លប់បាត់ស្មារតី ។

យោងតាមការសន្និដ្ឋានបឋមពីទីភ្នាក់ងារសង្គ្រោះបឋម, របួសរបស់ទាហានម្នាក់នេះ បណ្តាលមកពីត្រូវគ្រាប់កាំភ្លើង ។ យ៉ាងណា ភ្លាមៗនោះ អាជ្ញាធរនៅពុំទាន់បានបញ្ជាក់ជាផ្លូវការអំពីមូលហេតុពិតប្រាកដនៃរបួសនេះនៅឡើយទេ ។

បើតាម Anadolu, ហេតុការណ៍នេះកើតឡើង ចំពេលដែលភាពតានតឹងតាមព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងពុះកញ្ជ្រោលខ្លាំង ចាប់តាំងពីទាហានកូរ៉េខាងត្បូងចំនួន ៣ នាក់បានរងរបួស ដោយសារការផ្ទុះមីន នៅតំបន់គ្មានយោធាកាលពីថ្ងៃទី២១ ខែកញ្ញា ។

ជុំវិញបញ្ហានេះ យោធាកូរ៉េខាងត្បូងបានចោទប្រកាន់ចំៗថា គ្រាប់មីនទាំងនោះត្រូវបានដាក់ពង្រាយដោយគូជម្លោះកូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងបានប្រកាសច្រានចោលការចោទប្រកាន់នោះ ។

ក្រោយមក កូរ៉េខាងជើងថែមទាំងបានគំរាមដាក់ពង្រាយអាវុធបន្ថែមនៅតាមបណ្តោយព្រំដែន ខណៈភាគីកូរ៉េខាងត្បូងព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើមានសកម្មភាពបង្កហេតុថែមទៀតកើតឡើង ។

គិតមកទល់ពេលនេះ កូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅពុំទាន់មានសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមជាផ្លូវការនៅឡើយទេ ពោលកូរ៉េទាំងពីរបានបញ្ឈប់ការប្រយុទ្ធគ្នា តែតាមរយៈកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ ១៩៥៣ ប៉ុណ្ណោះ ៕

ប្រភព ៖ Yonhap និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner