លោក ស៊ី ជីនពីង ថា តំបន់មជ្ឈិមបូព៌ាមិនគួរក្លាយជាសមរភូមិប្រយុទ្ធរបស់មហាអំណាចនោះទេ

ប៉េកាំង ៖ តំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ មិនគួរក្លាយជាសមរភូមិសម្រាប់ការប្រជែងឥទ្ធិពលរបស់មហាអំណាចនោះឡើយ ។ នេះបើតាមការអះអាងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន ។

ក្នុងជំនួបជាមួយព្រះអង្គ Haitham bin Tariq al-Said ព្រះមហាក្សត្ររបស់ប្រទេសអូម៉ង់ នៅទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ, លោក ស៊ី ជីនពីង លើកឡើងថា ពិភពលោកបច្ចុប្បន្ន កំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ជាពិសេសតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ មិនគួរក្លាយជាសង្វៀនប្រកួត និងជម្លោះភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ ។

លោក ស៊ី ជីនពីង បញ្ជាក់ថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលជំហរបញ្ឈប់សង្គ្រាមជានិច្ច ហើយក៏សង្ឃឹមថា ចិនក៏អាចនឹងរួមចំណែកផ្តល់ដំណោះស្រាយ ដើម្បីលុបបំបាត់បញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ផងដែរ ។

ជាមួយគ្នានេះ លោក ស៊ី ជីនពីង សង្កត់ធ្ងន់ទៀតថា សន្តិភាព និងស្ថិរភាពក្នុងតំបន់ តម្រូវឱ្យគ្រប់ភាគីទាំងអស់ចូលរួមថែរក្សា និងការពាររួមគ្នា ។

ក្រៅពីពិភាក្សាអំពីស្ថានភាពតំបន់មជ្ឈិមបូព៌ា និងតំបន់ឈូងសមុទ្រ, លោក ស៊ី ជីនពីង ក៏មានឆន្ទៈពង្រឹងការទាក់ទង និងសម្របសម្រួលជាមួយបណ្តាប្រទេសអារ៉ាប់ រួមទាំងប្រទេសជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ហៅកាត់ (GCC) ដើម្បីរួមគ្នាស្តារសន្តិភាព និងសម្រេចឱ្យបាននូវស្ថិរភាព ក៏ដូចជាសន្តិសុខយូរអង្វែងក្នុងតំបន់ ។

បើតាម CNA, នៅក្នុងសេចក្តីថ្លែងការណ៍រួមចំនួន ២០ ចំណុច ភាគីចិន និងអូម៉ង់យល់ស្របថា ការធ្វើនាវាចរណ៍ជាធម្មតា និងប្រកបដោយសុវត្ថិភាពតាមច្រកសមុទ្រ ហ័រមូស គួរតែត្រូវបានស្តារឡើងវិញ ។

បន្ថែមលើនេះ ប្រទេសទាំងពីរក៏បានរួមគ្នាជំរុញឱ្យអាមេរិក និងអ៊ីរ៉ង់ ជ្រើសរើសមធ្យោបាយសន្តិវិធី វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីខែមិថុនាកន្លងទៅ ក្នុងគោលបំណងបញ្ចប់ជម្លោះ និងចាប់ផ្តើមកិច្ចសន្ទនាឡើងវិញ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner