អាល្លឺម៉ង់ សន្យាផ្តល់ជំនួយបន្ថែមជាង ២០០ លានដុល្លារដល់ អ៊ុយក្រែន ដើម្បីទប់ទល់នឹងរដូវរងា

ប៊ែរឡាំង ៖ អាល្លឺម៉ង់បានសន្យាផ្តល់ជំនួយបន្ថែមប្រមាណ ២២៤ លានដុល្លារដល់អ៊ុយក្រែន ដើម្បីជួយប្រទេសដែលឆែកហួរដោយសង្គ្រាមរបស់រុស្ស៊ីមួយនេះ អាចទប់ទល់នឹងរដូវរងាដ៏លំបាក ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ ។

ការសន្យានេះធ្វើឡើង ស្របពេលដែលអធិបតីអាល្លឺម៉ង់ លោក Friedrich Merz ធ្វើសន្និសិទសារព័ត៌មានរួមគ្នាមួយ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃ អង្គារ ។

លោកអធិបតី Merz បានអះអាងថា អាល្លឺម៉ង់នឹងបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ជាពិសេសការការពារដែនអាកាស និងថាមពល រួមទាំងជំនួយបន្ថែមសម្រាប់ការផ្គត់ផ្គង់ថាមពលក្នុងរដូវរងា មុនដំណាច់ឆ្នាំនេះ ។

កាលពីខែមុន មេដឹកនាំអាល្លឺម៉ង់រូបនេះ ក៏បានប្រកាសផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែនប្រមាណ ១,១២ ពាន់លានដុល្លារផងដែរ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងកៀវ ដោយជំនួយនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ។

បើតាមស៊ីនហួរ, ដំណើរទស្សនកិច្ចរបស់លោក Zelensky កើតឡើងមុនកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ។

ថ្លែងក្នុងសន្និសិទកាសែតជាមួយមេដឹកនាំអាល្លឺម៉ង់ លោក Zelensky បានបញ្ជាក់ពីជំហររំពឹងទុករបស់លោកថា កិច្ចប្រជុំនាពេលខាងមុខនេះ នឹងជួយបើកផ្លូវឱ្យមានកិច្ចចរចាត្រីភាគីមួយក្នុងកម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ។

ជាមួយគ្នានេះ មេដឹកនាំទាំងពីរក៏បានប្រកាសឱ្យដឹងផងដែរថា កិច្ចប្រជុំកំពូលបន្ទាប់របស់ក្រុមចម្រុះនៃបណ្តាប្រទេសដែលគាំទ្រអ៊ុយក្រែន នឹងរៀបចំឡើងនៅទីក្រុងប៊ែរឡាំង នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ។

បើតាមលោក Merz, កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាអំពីការគាំទ្រនាពេលអនាគតនិងការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្រោយមានបទឈប់បាញ់ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner