តម្លៃត្រីរ៉ស់នៅកម្ពុជាបន្តកើនឡើង ខណៈផលិតកម្មក្នុងស្រុកផ្គត់ផ្គង់បានត្រឹម ២៥ ទៅ ៣០ភាគរយនៃតម្រូវការ

គិតចាប់ពីដើមឆ្នាំ២០២៦មក តម្លៃត្រីរ៉ស់នៅលើទីផ្សារកម្ពុជាបានបន្តកើនឡើងជាបន្តបន្ទាប់ ដោយនៅខែមករា ត្រីរ៉ស់មានតម្លៃជិត ៥ពាន់រៀលក្នុងមួយគីឡូក្រាម រីឯនៅខែកញ្ញា តម្លៃនេះបានកើនឡើងដល់ជិត ៧ពាន់រៀលក្នុងមួយគីឡូក្រាម។
 
សមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ន វារីវប្បករក្នុងស្រុកអាចផលិតត្រីរ៉ស់ផ្គត់ផ្គង់ទីផ្សារបានត្រឹមប្រមាណ ២៥ ទៅ ៣០ភាគរយប៉ុណ្ណោះ នៃតម្រូវការប្រចាំថ្ងៃ។ ការចិញ្ចឹមត្រីរ៉ស់ក្នុងស្រុកភាគច្រើនប្រមូលផ្តុំនៅតំបន់ជុំវិញបឹងទន្លេសាប ដោយសារកត្តាអំណោយផលនៃទីតាំង និងតម្លៃចំណី។
 
សមាគមបានបញ្ជាក់ថា ទីផ្សារត្រីរ៉ស់នៅកម្ពុជាទទួលឥទ្ធិពលយ៉ាងខ្លាំងពីតម្លៃ និងបរិមាណផលិតកម្មត្រីរ៉ស់នៅប្រទេសវៀតណាម ដែលជាកត្តាមួយប៉ះពាល់ដល់ការផ្គត់ផ្គង់ និងតម្លៃនៅលើទីផ្សារក្នុងស្រុក។
 
លោក ឡែមផូរ សុថាវរិទ្ធ ប្រធានសមាគមវារីវប្បករកម្ពុជា បានប្រាប់ AMS ថា បច្ចុប្បន្ន លើកលែងតែត្រីរ៉ស់ វារីវប្បករក្នុងស្រុកអាចចិញ្ចឹមត្រីចំនួន ៣ប្រភេទ រួមមាន ត្រីប្រា ត្រីពោធិ៍ និងត្រីឆ្តោ សម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់ ១០០ភាគរយ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីប្រទេសជិតខាងឡើយ។
 
លោកបានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ២០២៣មក ដោយសារតម្លៃត្រីនៅលើទីផ្សារកើនឡើង និងការនាំចូលមានការថយចុះ វារីវប្បករក្នុងស្រុកបានបង្កើនការចិញ្ចឹមជាបន្តបន្ទាប់។ ជាលទ្ធផល ការផ្គត់ផ្គង់ត្រី និងកង្កែបក្នុងស្រុកមានការកើនឡើង។ លោកក៏មានសុទិដ្ឋិនិយមថា នៅពេលបាតុភូតកម្តៅខ្លាំងនេះកន្លងផុតទៅ ប្រជាពលរដ្ឋនឹងបន្តពង្រីកការចិញ្ចឹមត្រីបន្ថែមទៀត។
 
ប្រធានសមាគមរូបនេះបានបញ្ជាក់ទៀតថា ផលិតកម្មជលផលរបស់កម្ពុជាកំពុងមាននិន្នាការកើនឡើងជាលំដាប់ ជាពិសេសទិន្នផលពីវិស័យវារីវប្បកម្ម។ ទន្ទឹមនឹងនេះ កម្ពុជាបាននាំចេញផលិតផលជលផលសមុទ្រ និងទឹកសាបមួយចំនួនទៅកាន់ទីផ្សារប្រទេសចិន និងអូស្ត្រាលី ហើយកំពុងត្រៀមលក្ខណៈដើម្បីពង្រីកការនាំចេញទៅកាន់ទីផ្សារជប៉ុន និងអឺរ៉ុបផងដែរ។
 
ដោយឡែក សម្រាប់តម្រូវការក្នុងស្រុក កម្ពុជាត្រូវការត្រីប្រមាណ ៩៥០តោនក្នុងមួយថ្ងៃ ខណៈផលិតកម្មក្នុងស្រុកអាចផ្គត់ផ្គង់បានប្រមាណ ៥៦ភាគរយប៉ុណ្ណោះ ដែលបង្ហាញថា ទីផ្សារនៅតែមានតម្រូវការខ្ពស់ និងឱកាសសម្រាប់ការពង្រីកផលិតកម្មវារីវប្បកម្ម។
 
សូមបញ្ជាក់ថា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានជំរុញការងារស្រាវជ្រាវ និងបង្កាត់ពូជ ព្រមទាំងការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងទឹកប្រៃ។ ក្នុងនោះ ក្រសួងបានយកចិត្តទុកដាក់លើការបង្កាត់ និងចែកចាយពូជជលផល ដែលមានតម្លៃសេដ្ឋកិច្ច ដូចជា ត្រីតុកកែ ត្រីខ្យា ត្រីខឹង ត្រីគ្រំ ក្តាមសេះ និងក្តាមថ្ម ដើម្បីជំរុញការផលិត និងផ្គត់ផ្គង់ដល់វារីវប្បករក្នុងស្រុក៕
 
ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner