UN ព្រមាន ការដាំដុះអាភៀននៅ អាហ្វហ្គានីស្ថាន កើនឡើងយ៉ាងគំហុក
អ.ស.ប ៖ អង្គការសហប្រជាជាតិបានព្រមានថា កសិករកាន់តែច្រើនឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងងាកមកដាំដំណាំអាភៀនយ៉ាងគំហុក ខណៈផ្ទៃដីដាំដុះដំណាំផ្ទុកសារធាតុញៀនមួយនេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំធំជាងកាលពីមួយឆ្នាំមុនរហូតដល់ទៅ ៤ ដង ។ នេះបើតាម NHK ចេញផ្សាយថ្ងៃ អង្គារ ។
យោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ UNODC, ខេត្តចំនួន ១៦ ក្នុងចំណោមខេត្តសរុបទាំង ៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន កំពុងដាំដុះអាភៀន ដែលជាវត្ថុធាតុដើមសម្រាប់ផលិតអាភៀន និងផលិតផលគ្រឿងញៀនពាក់ព័ន្ធ ។
ការិយាល័យ UNODC បានប៉ាន់ប្រមាណថា ផ្ទៃដីដាំដុះអាភៀនមានប្រហែល ៤៣.៣០០ ហិកតា តួលេខនេះ បានកើនឡើងប្រហែល ៣៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ។
ចំណែកផលិតកម្មអាភៀននៅឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ជិត ១.៥០០ តោន ដោយចំនួននេះស្មើនឹងបរិមាណប្រហែល ៥ ដងនៃកម្រិតផលិតកម្មដែលបានកត់ត្រាកាលពីឆ្នាំ២០២៥ ។
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថាន ក្នុងពេល ៥ ឆ្នាំកន្លងមក ក្រុមនេះបានហាមឃាត់ការដាំដុះ និងការជួញដូរដំណាំអាភៀន ដោយលើកឡើងពីហេតុផលសាសនា និងកត្តាផ្សេងៗទៀត ។
ក្រុមតាលីបង់ក៏បានអះអាងដែរថា ខ្លួនបានកម្ទេចចោលចំការអាភៀននៅលើផ្ទៃដីចំនួន ២២.០០០ ហិកតានៅឆ្នាំ២០២៦នេះ ។
យ៉ាងណា ដោយសារតែដំណាំអាភៀននៅតែមានតម្លៃខ្ពស់លើទីផ្សារ កសិករជាច្រើនដែលកំពុងជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ច នៅតែបន្តដាំដំណាំមួយនេះ ។
ដើម្បីកាត់បន្ថយការដាំអាភៀន អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយ និងការគាំទ្រដល់កសិករ គឺជាកត្តាចាំបាច់ ដើម្បីជួយផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដែលកសិករជាច្រើនយល់ថា ពួកគេគ្មានជម្រើសផ្សេងក្រៅពីការពឹងផ្អែកលើការដាំដុះដំណាំអាភៀន ដើម្បីទ្រទ្រង់ជីវភាពរស់នៅនោះឡើយ ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
