ស្រ្តីមេម៉ាយម្នាក់តស៊ូចិញ្ចឹមកូនឱ្យរៀនចប់ រហូតប្រឡងជាប់ក្របខណ្ឌគ្រូបង្រៀន ជម្នះផ្នត់គំនិត «កូនស្រីមិនបាច់រៀនខ្ពស់»

ស្រ្តីមេម៉ាយម្នាក់នៅខេត្តស្វាយរៀង បានតស៊ូចិញ្ចឹមកូនឱ្យរៀនចប់ រហូតប្រឡងជាប់ក្របខណ្ឌគ្រូបង្រៀន កម្រិតវិទ្យាល័យ ដើម្បីជម្នះផ្នត់គំនិតមួយចំនួនដែលនៅតែយល់ថា «កូនស្រីមិនបាច់រៀនខ្ពស់»។
 
ស្ត្រីកសិករមេម៉ាយម្នាក់ បានតស៊ូចិញ្ចឹមកូនស្រីពីរនាក់ឱ្យរៀនសូត្រចេះដឹង ដោយមិនបោះបង់ក្តីសង្ឃឹមចំពោះអនាគតកូនឡើយ។ ជាលទ្ធផល កូនស្រីច្បងរបស់អ្នកស្រីបានរៀនចប់មហាវិទ្យាល័យ ហើយប្រឡងជាប់ជាស្ថាពរក្នុងក្របខណ្ឌគ្រូបង្រៀនក្រោមកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យ នៅខេត្តស្វាយរៀង។
 
អ្នកស្រី ហួត វិចិត្រ មានទីលំនៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលទើបបានអមដំណើរកូនស្រីមកចាប់ប៉ុស្តិ៍ជ្រើសរើសទីតាំងសាលារៀនសម្រាប់បំពេញការងារ នៅវិទ្យាស្ថានជាតិអប់រំ បានប្រាប់បណ្តាញព័ត៌មាន AMS ថា អ្នកស្រីមានក្តីរីករាយក្រៃលែង ដែលកូនស្រីបានសម្រេចក្តីប្រាថ្នា ក៏ដូចជាក្តីសង្ឃឹមរបស់ខ្លួន បន្ទាប់ពីអ្នកស្រីបានខិតខំតស៊ូចិញ្ចឹមបីបាច់ និងជំរុញឱ្យកូនប្រឹងប្រែងរៀនសូត្ររហូតមក។
 
ក្នុងនាមជាស្ត្រីមេម៉ាយដែលត្រូវចិញ្ចឹមកូនពីរនាក់ដោយខ្លួនឯងអស់រយៈពេលប្រមាណ ២០ឆ្នាំ អ្នកស្រីបានប្រឹងប្រែងប្រកបរបរចិញ្ចឹមមាន់ ទា ធ្វើស្រែ និងឆ្លៀតត្បាញកន្ទេល ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូន។ ក្នុងដំណើរជីវិតដ៏លំបាកនេះ អ្នកស្រីតែងតែឮអ្នកភូមិណែនាំឱ្យកូនឈប់រៀន ហើយចូលធ្វើការដើម្បីជួយរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ដោយមានផ្នត់គំនិតថា កូនស្រីមិនចាំបាច់រៀនសូត្រខ្ពស់ពេកនោះទេ។
 
ប៉ុន្តែ អ្នកស្រី ហួត វិចិត្រ បានបញ្ជាក់ថា ខ្លួនធ្លាប់ឆ្លងកាត់ការលំបាកដោយសារខ្វះចំណេះដឹង ដូច្នេះអ្នកស្រីមិនចង់ឱ្យកូនៗជួបការលំបាកដូចខ្លួនឡើយ។ ទោះបីត្រូវប្រឹងប្រែង និងលះបង់យ៉ាងណាក៏ដោយ អ្នកស្រីប្តេជ្ញាចិត្តចិញ្ចឹមកូនឱ្យរៀនចប់ ដើម្បីមានចំណេះដឹង និងអាចកសាងអនាគតដោយខ្លួនឯង។
  
អ្នកស្រីបានបន្ថែមថា ការចូលរួមប្រឡងរបស់កូនស្រីមានការចំណាយមិនច្រើននោះទេ ដោយចំណាយត្រឹម ២ម៉ឺនរៀលសម្រាប់ទិញពាក្យប្រឡង និងចំណាយផ្ទាល់ខ្លួនមួយចំនួនសម្រាប់ការធ្វើដំណើរប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់ស្ថាពរជាគ្រូបង្រៀនកិច្ចព្រមព្រៀងការងារ កម្រិតវិទ្យាល័យទាំងអស់ មានពេលវេលា ២នាទី ក្នុងការជ្រើសរើសទីតាំងសាលារៀនដែលខ្លួនចង់បំពេញការងារ តាមរយៈដំណើរការចាប់ប៉ុស្តិ៍។ ការរៀបចំប្រឡងនេះមានគោលបំណងបំពេញបន្ថែមតួនាទីគ្រូបង្រៀនដែលនៅទំនេរតាមសាលារៀនសាធារណៈ ឱ្យឆ្លើយតបទៅនឹងតម្រូវការគ្រូជាក់ស្តែងតាមថ្នាក់រៀន ព្រមទាំងធានាតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ដោយអនុញ្ញាតឱ្យបេក្ខជនជ្រើសរើសទីតាំងសាលារៀនដោយផ្ទាល់ តាមលំដាប់ពិន្ទុប្រឡង ដើម្បីលុបបំបាត់ការអន្តរាគមន៍ និងពង្រឹងទំនុកចិត្តលើប្រព័ន្ធគុណាធិបតេយ្យ៕
 
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner