អ៊ីរ៉ង់ ថា នាវាដឹកប្រេង​៤ គ្រឿង ត្រូវបានបំផ្លាញ បន្ទាប់ពីប៉ះមីន នៅ​ហ័រមូស

តេហេរ៉ង់ ៖ អ៊ីរ៉ង់បាននិយាយ នៅថ្ងៃពុធនេះថា នាវាដឹកប្រេងចំនួន ៤ គ្រឿង ត្រូវបានបំផ្លាញ បន្ទាប់ពីប៉ះនឹងមីន ខណៈកំពុងព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស។

​កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ​បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយទូរទស្សន៍រដ្ឋថា​ «នាវាដឹកប្រេងចំនួន ៤ គ្រឿង ដែលមិនគោរពតាមបទបញ្ជា និងបានព្យាយាមឆ្លងកាត់ផ្លូវហាមឃាត់នៅភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស ត្រូវបានបំផ្លាញ បន្ទាប់ពីប៉ះនឹងមីនសមុទ្រ ហើយបច្ចុប្បន្ន នាវាទាំងនោះកំពុងបន្តឆេះ»។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា​ «នាវាផ្សេងទៀតចំនួន ២ គ្រឿង ដែលមិនគោរពតាមបទបញ្ជា ក៏ត្រូវបានបញ្ឈប់ផងដែរ»។

កងឆ្មាំបដិវត្តន៍ក៏បានអះអាងផងដែរថា ពួកគេបានបាញ់ទម្លាក់យន្តហោះដ្រូនមួយគ្រឿង នៅពីលើច្រកសមុទ្រនេះទៀតផង។

ទីក្រុងតេហេរ៉ង់​អះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់សម្រាប់ពិភពលោក ហើយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង អ៊ីរ៉ង់បានកំណត់គោលដៅលើនាវាទាំងឡាយណាដែលព្យាយាមឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។

ជម្លោះ ដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីខែកុម្ភៈ បានជាប់គាំងអស់រយៈពេលជាច្រើនខែមកហើយ។

ទំនាក់ទំនងដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមរយៈអ្នកសម្របសម្រួល នៅតែបន្តកើតមាន ប៉ុន្តែមិនមានសញ្ញាណជាក់លាក់ណាមួយដែលបង្ហាញពីវឌ្ឍនភាពផ្នែកការទូតនោះទេ។ អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនរួចរាល់ក្នុងការបើកច្រកសមុទ្រនេះឡើងវិញ ប៉ុន្តែ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន យល់ព្រមតាមសំណើមួយចំនួនដែលអ៊ីរ៉ង់បានទាមទារជាយូរមកហើយ។

លោក ​Mohammad Bagher Ghalibaf​ ប្រធានក្រុមចរចារបស់អ៊ីរ៉ង់​បានថ្លែងថា សាធារណរដ្ឋអ៊ីស្លាមមួយនេះ «ត្រៀមខ្លួនរួចរាល់សម្រាប់សមរភូមិ ដោយម្រាមដៃត្រៀមចុចកៃកាំភ្លើងរួចជាស្រេច»។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី លោក ​Masoud Pezeshkian​ បានអះអាងថា រដ្ឋាភិបាលរបស់លោកកំពុងព្យាយាមដោះស្រាយវិបត្តិមួយនេះ «តាមរយៈការសន្ទនា»៕

ប្រភព ៖ AFP ប្រែសម្រួ​ល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner