លោក ត្រាំ ថា អាមេរិកគ្មានផែនការវាយប្រហារ អ៊ីរ៉ង់ ឆាប់ៗទេ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនមានផែនការវាយប្រហារអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះទេ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times, ប្រធានាធិបតីអាមេរិករូបនេះ បានបង្ហាញថា លោកពេញចិត្តនឹងស្ថានភាពនៃភាពតានតឹងជាមួយអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ រយៈពេល ៦ នាទី, លោក ដូណាល់ ត្រាំ បាននិយាយថា «ហាក់ដូចជាយើងកំពុងទទួលបានអ្វីៗគ្រប់យ៉ាងដែលយើងចង់បាន»។

ការអះអាងនេះ ធ្វើឡើង នៅ១ថ្ងៃបន្ទាប់ពី មានសេចក្តីរាយការណ៍ថា អាមេរិកបានវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់។

យោងតាមកាសែត Wall Street Journal , ការវាយប្រហារលើកោះ Qeshm ដែលជាកោះធំជាងគេនៅក្នុងច្រកសមុទ្រ Hormuz ត្រូវបានមន្ត្រីមួយចំនួនបានពណ៌នាថា ជាសកម្មភាពការពារខ្លួន ដើម្បីទប់ស្កាត់កុំឱ្យអ៊ីរ៉ង់មានសេរីភាពក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ ហើយត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅចុងខែកុម្ភៈ។

កាសែតដដែលនេះបានបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានប្រកាសជាសាធារណៈអំពីការវាយប្រហារទាំងនេះទេ ដើម្បីកុំឱ្យមានការយល់ច្រឡំថា អាមេរិកមានបំណងចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner