អាមេរិក ចូលខ្លួនជួយ មីយ៉ាន់ម៉ា ដោះស្រាយជម្លោះផ្ទៃក្នុង ចំពេលតានតឹងខ្លាំង ក្បែរព្រំដែន ថៃ
ណៃពិដោ ៖ សហរដ្ឋអាមេរិកបានបង្ហាញពីបំណងចង់ជួយដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុង នៅប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលការប្រយុទ្ធគ្នាបង្ហូរឈាម រវាងកងទ័ពរដ្ឋាភិបាល និងក្រុមបះបោរកំពុងតានតឹងយ៉ាងខ្លាំង នៅតំបន់ជាប់ព្រំដែន ជាមួយនឹងប្រទេសថៃ ក្បែរខាង។ ឯកសារយុទ្ធសាស្ត្ររបស់ក្រសួងការបរទេសអាមេរិក ដែលបានចេញផ្សាយដោយ Reuters កាលពីថ្ងៃអង្គារ បានរៀបរាប់ថា «បេសកកម្មទីក្រុងវ៉ាស៊ីនតោនប្រចាំមីយ៉ាន់ម៉ានឹងធ្វើការឆ្ពោះទៅរកបទឈប់បាញ់មួយ ដែលផ្តល់នូវផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយចីរភាព ត្រឹមឆ្នាំ ២០៣០»។
ឯកសារបន្ថែមថា ការងារនេះរួមបញ្ចូលទាំងការសម្របសម្រួលវេទិកាភាគីពាក់ព័ន្ធ បង្កើតបានជាកិច្ចព្រមព្រៀងជាក់ស្តែង, កំណត់ព្រំដែនទឹកដីនៅក្នុងប្រទេសភូមា , បង្កើតឱកាសក្នុងការទទួលបានធនធានរ៉ែកម្រដ៏សម្បូរបែបរបស់មីយ៉ាន់ម៉ា ព្រមទាំង ការប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
បំណងរបស់អាមេរិកដែលចូលខ្លួនមកដោះស្រាយជម្លោះផ្ទៃក្នុង មីយ៉ាន់ម៉ា កើតមានចំពេល ដែលថៃបានប្រកាសបង្កើនការល្បាតនៅពេលយប់ តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុក Mae Sot ខេត្ត Tak ខណៈដែលការប្រយុទ្ធគ្នានៅជិតព្រំដែនរវាងមីយ៉ាន់ម៉ា និងក្រុមស្វែងរកស្វ័យភាព នៅតែបន្តកើតមាន។
បើតាម thai pbs world ចេញផ្សាយ កាលពីចុងសប្តាហ៍, កងកម្លាំងប្រតិបត្តិការពិសេស ថៃ បានប្រកាសត្រៀមឆ្លើយតបទៅនឹងស្ថានភាពអាសន្ន ដែលអាចកើតឡើង ប្រសិនបើការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ាមានភាពកាន់តែខ្លាំងក្លា រហូតឆ្លងចូលមកក្នុងទឹកដីថៃ។
បើតាម Khaosod, មន្ត្រីព្រំដែនថៃ កាលពីថ្ងៃចន្ទ បានថ្កោលទោសការវាយប្រហារតាមផ្លូវអាកាសរបស់មីយ៉ាន់ម៉ា នៅជិតព្រំដែនថៃ ព្រមទាំង អំពាវនាវឱ្យបញ្ឈប់ការវាយប្រហារទាំងនេះជាបន្ទាន់ និងស្នើឱ្យបង្កើតតំបន់សុវត្ថិភាពមួយ។
ការប្រយុទ្ធគ្នានេះបានរំខានដល់ពាណិជ្ជកម្មឆ្លងព្រំដែន និងធ្វើឱ្យសហគមន៍នៅតាមព្រំដែនថៃមានការភ័យខ្លាចចំពោះការវាយប្រហារបន្ថែមទៀត។
បើតាម Reuters, នៅប្រទេសមីយ៉ាន់ម៉ា មនុស្សចំនួន១០ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ហើយ ជាង ៣លាន៥សែននាក់ផ្សេងទៀត បាត់បង់ទីជម្រក ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕
ប្រភព ៖ Reuters_ thaipbsworld_Khaoso, ប្រែសម្រួល ៖ សារ៉ាត