ទីក្រុងសានយ៉ាប្រទេសចិន ចុះ MoU ជាមួយសមាគមទេសចរណ៍កម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរទេសចរ

ទីក្រុងសានយ៉ា (Sanya)ខេត្តហៃណាន ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយសមាគមទេសចរណ៍កម្ពុជា កាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦នៅរាជធានីភ្នំពេញ​ ក្នុងគោលបំណងផ្លាស់​ប្តូរភ្ញៀវទេសចរទៅវិញទៅមក ផ្សព្វផ្សាយគោលដៅទេសចរណ៍ និងអភិវឌ្ឍផលិតផលទេសចរណ៍។​

ទីក្រុង Sanya  ជាទីក្រុងទេសចរណ៍តំបន់ត្រូពិក ស្ថិតនៅខាងត្បូងនៃកោះហៃណាននៃប្រទេសចិន ដែលមានខ្យល់អាកាសល្អបរិសុទ្ធ ជាមួយនឹងផ្ទៃសមុទ្រធំល្វឹងល្វើយ។

ក្រោយពីចុះ MOU ភាគីទាំងពីរនឹងរៀបចំកម្មវិធីដំណើរកម្សាន្ត ការអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេស និងការជំរុញលំហូរភ្ញៀវទេសចរទៅវិញទៅមករវាងតំបន់ទាំងពីរនេះ ដើម្បីឱ្យការផ្តល់សេវាកម្ម និងផលិតផលទេសចរណ៍របស់ទីក្រុងសានយ៉ា កាន់តែឆ្លើយតបនឹងតម្រូវការទីផ្សារទេសចរណ៍កម្ពុជា។

លោក Zhang Hao អនុអគ្គនាយកនៃក្រុមប្រឹក្សាទេសចរណ៍ក្រុងសាន់យ៉ា បានលើកឡើងថា កម្ពុជា និងក្រុងសានយ៉ា មានធនធានទេសចរណ៍ដែលបំពេញឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង កម្ពុជាសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដែលផ្តល់ឱកាសយ៉ាងល្អសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវិស័យទេសចរណ៍ដ៏រីកចម្រើន និងផលិតផលទេសចរណ៍ចម្រុះរបស់ក្រុងសានយ៉ា។

ចំណែកកន្លែងទាក់ទាញសំខាន់ៗនៅទីក្រុង Sanya រួមមាន រមណីយដ្ឋានតាមឆ្នេរសមុទ្រ ព្រៃត្រូពិក ការដើរទិញទំនិញដោយលើកលែងពន្ធ (duty-free) កីឡាទឹក ការជិះទូកកម្សាន្ត (yachting) វាយកូនហ្គោល និងមជ្ឈមណ្ឌលសម្រាកលំហែដើម្បីសុខភាព។

លោកបន្តថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ​ នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវិស័យទេសចរណ៍នៃភាគីទាំងពីរ ការចែករំលែកបទពិសោធន៍ និងការអភិវឌ្ឍផ្លូវទេសចរណ៍ដែលមានគុណភាពខ្ពស់។​

លោកជំទាវ ឆាយ ស៊ីវលីន  ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា កិច្ចប្រជុំ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានេះ នឹងបង្កើតទំនាក់ទំនងអាជីវកម្ម និងភាពជាដៃគូថ្មីៗ ព្រមទាំងបើកឱកាសបន្ថែមទៀតសម្រាប់ប្រតិបត្តិករទេសចរណ៍មកពីកម្ពុជា និងចិន ក្នុងការធ្វើការងាររួមគ្នា។ 

បន្ទាប់ពីព្រឹត្តិការណ៍នេះ គណៈប្រតិភូចិនគ្រោងនឹងបន្តពិភាក្សាជាមួយអាជ្ញាធរអាកាសចរស៊ីវិលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារទេសចរណ៍ធំៗ ដើម្បីពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ និងស្វែងរកលទ្ធភាពក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយរួមគ្នា៕

សៅ សុខអេង

ads banner