ចិន នឹងយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅសម្របសម្រួលនៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង
ភាគីចិន នឹងយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅសម្របសម្រួល នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាង លើកទី១១ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តមបានឲ្យដឹងថា អាចនឹងមានជំនួបត្រីភាគី រវាងកម្ពុជា-ចិន-ថៃ ដែលផ្ដោតលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា រួមនឹងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គ-ឡានឆាង ចំនួន ៥ ប្រទេសទៀត បានបង្ហាញវត្តមាននៅឯរដ្ឋធានីប៉េកាំង ប្រទេសចិន សម្រាប់កិច្ចប្រជុំលើកទី១១នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍ដែលមានជោគវាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់មេគង្គ-ឡានឆាង ២.០»។ កិច្ចប្រជុំនេះដឹកនាំដោយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។
បើតាមក្រសួងការបរទេស នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មអនុតំបន់ កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) នាពេលកន្លងមក។
សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីការបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម៕
ខន ណារី AMS
