៩ខែឆ្នាំនេះ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទទួលបានសំណុំរឿងជិត ១៨ម៉ឺនសំណុំរឿង
អត្ថបទដោយ៖
សួន បារាំង
គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់របស់កម្ពុជាទទួលបានសំណុំរឿងសរុបជិត ១៨ម៉ឺនសំណុំរឿង ក្នុងនោះសំណុំរឿងព្រហ្មទណ្ឌចំនួនជាង ៩ម៉ឺន និងសំណុំរឿងរដ្ឋប្បវេណី ចំនួន ៨ម៉ឺន ៨ពាន់សំណុំរឿង នេះបើយោងតាមរបាយការដែលបណ្ដាញព័ត៌មាន AMS ទទួលបានពីឯកឧត្តម ឯក ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃពុធទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
របាយការណ៍បង្ហាញថា ៧៧%នៃសំណុំរឿងព្រហ្មទណ្ឌ និងជិត៦៨%នៃសំណុំរឿងរដ្ឋប្បវេណី ត្រូវបានតុលាការចាត់ការរួចហើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា សំណុំរឿងទាំងចាស់ទាំងថ្មី ដែលភាគច្រើនពាក់ព័ន្ធរឿងអត្រានុកូលដ្ឋាន គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាក្មេងទំនើង ត្រូវបានស្ថាប័នយុត្តិធម៌លើកយកមកចាត់ការជាបន្តបន្ទាប់ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ជូនប្រជាពលរដ្ឋ៕
សេង បារាំង AMS
