មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ភូមិហ្វ្រង់កូហ្វូនីនឹងរៀបចំព្រឹត្តិការណ៍ជាច្រើនបង្ហាញទៅកាន់ភ្ញៀវទេសចរ
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បានប្រាប់បណ្ដាញព័តមាន AMS ថា ភូមិហ្វ្រង់កូហ្វូនីនឹងរៀបចំព្រឹត្តិការណ៍ជាច្រើនបង្ហាញទៅកាន់ពិភពលោកអំពីស្នាមញញឹមរបស់កម្ពុជាក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងសប្ដាហ៍ក្រោយនេះ។
រដ្ឋលេខាធិកាក្រសួងទេសចរណ៍រូបនេះបញ្ជាក់ថា ភូមិហ្វ្រង់កូហ្វូនីជាកន្លែងមួយដែលក្រសួងទេសចរណ៍និងក្រសួងស្ថាប័នពាក់ព័ន្ធសហការគ្នាសម្រាប់រៀបចំ ដូចជាកន្លែងពន្លាជាតិសម្រាប់ប្រទេសជាសមាជិករបស់អង្គការហ្វ្រង់កូហ្វូនី ការរៀបចំសម្ដែងសិល្បៈ ការរៀបចំធ្វើសន្និសិទ សិក្ខាសាលា និងការរៀបចំស្តង់ពិព័រណ៍ផ្សេងៗ និងការដាក់តាំងម្ហូបអាហារខ្មែរ និងបរទេសផងដែរ។
ឯកឧត្តម តុប សុភ័ក បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក៏ជាឱកាសសម្រាប់បង្ហាញទៅកាន់ពិភពលោកពីឱកាសការវិនិយោគ និងសក្ដានុពលទេសចរណ៍របស់កម្ពុជាដែរ។
អ្នកនាំពាក្យបន្តថា ៖ ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍អមភូមិហ្រ្វង់កូហ្វូនីនេះ គឺជាឱកាសដែលបង្ហាញទៅដល់អន្តរជាតិដល់ពិភពលោកទាំងមូលឲ្យឃើញអំពីសក្ដានុពលជាក់ស្ដែងរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងក្នុងការទទួលទេសចរអន្តរជាតិ ក៏ដូចវិនិយោគឲ្យមកកម្ពុជារបស់យើងឲ្យបានកាន់តែច្រើនថែមទៀត ហើយអ្វីដែលសំខាន់បំផុតគឺបង្ហាះឲ្យឃើញថាកម្ពុជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព មានបដិសណ្ឋារកិច្ចល្អប្រកបទៅដោយភាពកក់ក្ដៅ ហើយជាគោលដៅដែលទេសចរមកសម្រាកលំហែកម្សាន្តប្រកបទៅដោយទំនុកចិត្ត។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និងថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៦។ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក៏គ្រោងចូលរួមផងដែរ៕
សេង បារាំង
