កម្ពុជា ចង់ច្របាច់បណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិបញ្ចូលគ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលជាតិឌីជីថល
រាជរដ្ឋាភិបាលកម្ពុជាមានផែនការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ តាមរយៈការច្របាច់ស្ថាប័នទាំងពីរបញ្ចូលគ្នា ដើម្បីប្រែក្លាយពី «ទីតាំងតម្កល់ឯកសារ» ទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលអាចទាក់ទាញសហគមន៍ សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់មួយនៅរាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងពិធីបើកពិព័រណ៍អបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតបណ្ណសារដ្ឋានជាតិនៃកម្ពុជា។
ឯកឧត្តមបានកត់សម្គាល់ថា ការគ្រប់គ្រង ការថែរក្សា និងការអភិវឌ្ឍវិស័យបណ្ណសារនៅកម្ពុជានៅមានកម្រិត និងមិនទាន់អាចឆ្លើយតបនឹងតម្រូវការបានសមស្របនៅឡើយ ដោយសារកម្ពុជាមិនទាន់មានឃ្លាំងតម្កល់ និងប្រព័ន្ធគ្រប់គ្រងបណ្ណសារដែលមានលក្ខណៈស្តង់ដាររួមនៅឡើយ។
បើតាមឯកឧត្តម វង្សី វិស្សុត បណ្ណសារភាគច្រើនកំពុងប្រឈមនឹងការពុកផុយខូចខាត ដោយសារកត្តាអាយុកាល និងអាកាសធាតុជាដើម។ ចំណែកការជួសជុល និងការបម្លែងបណ្ណសារទៅជាទម្រង់ឌីជីថលនៅមានកម្រិត ដោយសារកង្វះឧបករណ៍ សម្ភារៈបច្ចេកទេស និងធនធានទាំងថវិកា និងធនធានមនុស្ស។
ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យធ្វើសមាហរណកម្មបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មស្ថាប័នទាំងពីរឱ្យមានប្រសិទ្ធភាព និងសន្សំសំចៃធនធានមនុស្ស និងហិរញ្ញវត្ថុ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយស្ថាប័នទាំងពីរពី «ទីតាំងតម្កល់ឯកសារ» ទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលមានមុខងារតម្កល់ និងផ្សព្វផ្សាយឯកសារ ផ្តល់ចំណេះដឹង គាំទ្រការសិក្សាស្រាវជ្រាវ និងបម្រើសេវាសាធារណៈ ក្រោមប្រព័ន្ធគ្រប់គ្រងតាមស្តង់ដារអន្តរជាតិ ព្រមទាំងរៀបចំព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ។
សម្រាប់ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ការសម្រេចរបស់រាចរដ្ឋាភិបាលក្នុងការច្របាច់ស្ថាប័នទាំងពីរនេះបញ្ចូលគ្នា គឺមានលក្ខណៈកែទម្រង់ជាយុទ្ធសាស្រ្ត ស្របតាមស្ថានភាពបច្ចុប្បន្ន ព្រោះបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ពិតជាមានសារៈសំខាន់ សម្រាប់ការទ្រទ្រង់ដល់ការការពារជាតិ ការកសាង និងការអភិវឌ្ឍជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕
ខន ណារី AMS


